ខេត្តបន្ទាយមានជ័យ ៖ ភាគីថៃបានបញ្ជូនពលករខុសច្បាប់ដែលចាប់លើទឹកដីគេប្រគល់ឲ្យភាគីកម្ពុជាតាមច្រកអន្តរជាតិ, ច្រកតំបន់ និងច្រកកិច្ចព្រមព្រៀង(ច្រកអូរបីជាន់)ក្នុងខេត្តបន្ទាយមានជ័យជាង២ម៉ឺននាក់គិតចាប់ពីពេលដែលភាគីថៃបិទព្រំដែនទប់ស្កាត់មេរោគកូវី១៩ កាលពីចុងខែមីនា រហូតដល់ថ្ងៃទី២២ កក្កដា ឆ្នាំ២០២០នេះ។

ពលករខុសច្បាប់ដែលភាគីថៃបញ្ជូនត្រឡប់ឲ្យអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាក្នុងខេត្តបន្ទាយមានជ័យភាគច្រើនតាមច្រកកិច្ចព្រមព្រៀងរវាងខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវ គឺច្រកអូរបីជាន់ ស្ថិតក្នុងភូមិឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងមួយចំនួនតូចបញ្ជូនតាមច្រកអន្តរជាតិប៉ោយប៉ែតនិងច្រកតំបន់ម៉ាឡៃ ។ នេះបើតាមកាឲ្យដឹងពីសមត្ថកិច្ចជំនាញ។

លោកវរសេនីយ៍ទោជា លាងហួរ នាយរងការិយាល័យប្រឆាំងកាជួញដូរនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តប្រាប់តាមទូរស័ព្ទថា ចំនួនពលករបញ្ជូនពីថៃក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩ ពោលគឺចាប់តាំងពីភាគីថៃបិទព្រំដែនទប់ស្កាត់មេរោគកូវីត១៩ រហូតមកដល់ថ្ងៃទី២២ កក្កដា ឆ្នាំ២០២០ មានចំនួន២៥.៧៨៧នាក់ ក្នុងនោះស្ត្រីមានចំនួន១០.១១៨នាក់ និងកុមារចំនួន២.៤១១នាក់។

នាយរងការិយាល័យរូបនេះបានបញ្ជាក់ថា ចំនួនពលករទាំងនេះបញ្ជូនពីថៃតាមច្រករបៀងអូរបីជាន់ដែលជាច្រកកិច្ចព្រមព្រៀងរវៀងខេត្តទាំង២កម្ពុជា-ថៃ បន្ទាយមានជ័យ-ស្រះកែវច្រើនជាគេនិងមួយចំនួនបញ្ជូនតាមច្រកតំបន់ម៉ាឡៃនិងច្រកអន្តរជាតិប៉ោយប៉ែត៕ (កែសម្រួលដោយ ៖ ធីតា)





ចែករំលែកព័តមាននេះ