លោក ម៉ាក រេនដូហ្វ (Marc Randolph) ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Netflix ដ៏ល្បីជាមួយលោក រីដ ហាសធីង (Reed Hastings) បានផ្តល់នូវដំបូន្មានសាមញ្ញៗដល់មនុស្សដែលចង់រៀនជំនាញអាជីវកម្មថ្មីៗថាមិនចាំបាច់អានសៀវភៅ និងចូលរៀនក្នុងថ្នាក់រៀនត្រឹមត្រូវទេ ។

ផ្ទុយមកវិញលោកបានបានប្រាប់ថា អ្នកត្រូវតែរកវិធីដែលជួយឲ្យអ្នកអនុវត្តវាទៅវិញ ។ ឧទាហរណ៍ដូចជា ពេលដែលអ្នកចង់ពឹងពាក់មិត្តភក្តិ ឬបងប្អូនរបស់អ្នកឲ្យធ្វើរឿងអ្វីមួយឲ្យអ្នកនោះ អ្នកអាចចាត់ទុកវាជាការធ្វើបទបង្ហាញដើម្បីបញ្ចុះបញ្ចូលអតិថិជនឲ្យទិញផលិតផល ឬសេវាកម្មរបស់អ្នកជាដើម ។
ការធ្វើដូច្នេះនឹងបង្ខំឲ្យអ្នកគិតទុកមុននូវកត្តាដែលនឹងជួយឲ្យអ្នកលក់បានសម្រេច និងការឆ្លើយតបរបស់ភាគីម្ខាងទៀតដែរ ។
ពេលដែលលោក រេនដូហ្វ និង ហាសធីង បង្កើតក្រុមហ៊ុន Netflix ក្នុងឆ្នាំ ១៩៩៧ អ្នកទាំងពីរមិនមានចំណេះដឹងច្រើនក្នុងផ្នែកអាជីវកម្មជួលវីដេអូ ឬវិស័យភាពយន្តទេ ។ ប៉ុន្តែអ្នកទាំងពីរធ្លាប់មានអាជីវកម្មពីមុនមក ដូច្នេះពួកគេគ្រាន់តែព្យាយាមធ្វើឲ្យអាជីវកម្មមួយទៀតទាក់ទិននឹងវីដេអូជោគជ័យប៉ុណ្ណោះ ។
លោក រេនដូហ្វ បាននិយាយថា «ខ្ញុំចង់ឲ្យមនុស្សដឹងថា ខ្ញុំមិនបានធ្វើអ្វីពិសេសទេ ហើយនរណាក៏អាចធ្វើវាបានដូចខ្ញុំដែរ» ។ លោកបានបន្តថា មនុស្សដែលចង់មានអាជីវកម្មដោយខ្លួនឯងមិនអាចរកឃើញចម្លើយក្នុងសៀវភៅបានទេ ទោះជាពួកគេជាអ្នកនិពន្ធវាក៏ដោយ ។ ផ្ទុយមកវិញ មនុស្សកាន់តែមានសមត្ថភាពខ្ពស់នៅពេលដែលពួកគេអាចហ្វឹកហាត់ និងអនុវត្តអ្វីដែលបានរៀនមក ។
លោកបានបន្ថែមទៀតថា វាមិនសំខាន់ទេថាគំនិតនោះជាគំនិតល្អ ឬមិនល្អ អ្វីដែលសំខាន់គឺការចាប់ផ្តើមធ្វើ ។ ពេលដែលអ្នកចាប់ផ្តើមហើយ វាជាពេលដែលអ្នកចាប់ផ្តើមដឹងថាតើវាជាគំនិតល្អ ឬមិនល្អ ៕
ចែករំលែកព័តមាននេះ