សហរដ្ឋអាមេរិក ៖ ចាប់តាំងពីយូរមកហើយទទួលការចោទថា មើលស្រាលចំពោះការឆ្លងរាល
ដាលនៃវីរុស COVID-19 ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានផ្លាស់ប្ដូរវោហាសាសន៍គួរឲ្យភ្ញាក់ផ្អើលចំពោះទំហំនៃការឆ្លងនៅក្នុងប្រទេសលោក ។ រួចកាលពីថ្ងៃទី២២ កក្កដា សហរដ្ឋអាមេរិកបានបញ្ជាទិញទុកមុនវ៉ាក់សាំងប្រឆាំងវីរុសចំនួន១០០លានដូស ដែលវ៉ាក់សាំងនោះផលិតដោយក្រុមហ៊ុនអាល្លឹម៉ង់និងអាមេរិក គឺក្រុមហ៊ុន BIONTECH និងក្រុមហ៊ុន PFIZER ។
សហគ្រាសទាំង២នោះក្នុងសេចក្ដីប្រកាសមួយគូសបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកបានឈាន
ទៅបញ្ជាទិញទុកមុន វ៉ាក់សាំងចំនួនដល់ទៅ១០០លានដូស ដែលមានទឹកប្រាក់រហូតដល់១,៩៥ពាន់លានដុល្លារហើយនឹងអាចទិញបន្ថែមរហូតដល់៥០០លានដូសទៀត គម្រោងវ៉ាក់សាំងផលិតដោយក្រុមហ៊ុនអាល្លឹម៉ង់ BIONTECH និងក្រុមហ៊ុនអាមេរិក PFIZER ។
បន្ទាប់ពីលទ្ធផលដំបូងៗគួរឲ្យលើកទឹកចិត្តគម្រោងវ៉ាក់សាំងនោះបានឈានចូលដល់ដំណាក់កាលសាកល្បងគ្លីនិកក្នុងទ្រង់ទ្រាយធំមួយ ។ កាលពីថ្ងៃទី២១ កក្កដា អង់គ្លេសក៏បានបញ្ជាទិញទុកមុន វ៉ាក់សាំងរបស់សហគ្រាសទាំង២នោះចំនួន៣០លានដូស ។ មន្ទីរពិសោធន៍ទាំង២គ្រោងផលិតវ៉ាក់សាំង១០០លានដូសនាចុងឆ្នាំនេះ ។
ចំណែកការសិក្សាមួយចេញផ្សាយកាលពីថ្ងៃទី២១ កក្កដា ដោយទស្សនាវដ្ដីវេជ្ចសាស្ត្រ THE
LANCET រៀបរាប់ថា ការសាកល្បងដំណាក់កាលទី២នៃវ៉ាក់សាំងប្រឆាំងវីរុសមួយផលិតដោយចិនបង្ហាញថា ផលិតផលនោះមានភាពប្រាកដនិយម ហើយជួយបង្កើតភាពស៊ាំពោលគឺប្រព័ន្ធការពារ ។
លទ្ធផលនៃការសិក្សានោះបានមកពីក្រុមអ្នកចូលរួមក្នុងការធ្វើការសាកល្បងដំណាក់កាលទី១ នៃវ៉ាក់សាំងនោះ ដែលចេញផ្សាយកាលពីខែឧសភា ។ ការសាកល្បងនាពេលនោះចូលរួម ដោយមនុស្សពេញវ័យ មានសុខភាពល្អ១០៨នាក់ហើយផ្ដល់លទ្ធផលគួរឲ្យលើកទឹកចិត្តនានា។
បើប្រៀបធៀបនឹងការសាកល្បងដំណាក់កាលទី១ ការសាកល្បងដំណាក់កាលទី២ ផ្ដល់ភស្ដុតាងថែមទៀតលើភាពប្រាកដប្រជាខាងសន្តិសុខនឹងការបង្កើតភាពស៊ាំក្នុងចំណោមមនុស្សជាច្រើន ដែលចូលរួមចាក់វ៉ាក់សាំងពិសោធន៍ ។ នោះជាដំណាក់កាលសំខាន់បំផុតមួយក្នុងការវាយតម្លៃលើវ៉ាក់សាំងពិសោធន៍នេះ ដែលដំណាក់កាលទី៣នៃការសាកល្បងដែលជាដំណាក់ចុងក្រោយពេលនេះកំពុងធ្វើ្វ ។
យោងតាមទស្សនាវដ្ដី THE LANCET ថា ការសាកល្បងវ៉ាក់ឈ្មោះ AD5 ត្រូវបានធ្វើ្វនៅ
ក្រុងវូហានជាចំណុចចាប់ផ្ដើមនៃការឆ្លងវីរុស ដោយធ្វើលើមនុស្ស៥០៨នាក់ ក្នុងនោះប្រមាណជា២ភាគ៣ មានអាយុពី១៨ទៅ៤៤ឆ្នាំ និង១ភាគ៤មានអាយុពី៤៥ទៅ៥៤ឆ្នាំនិង១៣% មានអាយុចាប់ពី៥៥ឆ្នាំទៅ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ