សហរដ្ឋអាមេរិក-ចិន ៖ ប្រទេសចិនកាលពីថ្ងៃទី២២ កក្កដា បានថ្កោលទោសម៉ឺងម៉ាត់ការទាមទាររបស់អាមេរិកឲ្យបិទស្ថានកុងស៊ុលខ្លួន ប្រចាំក្រុងហ៊ូស្តុនរដ្ឋតិចសាស់ ដោយអះអាងថា ការសម្រេចនោះជាការបង្កហេតុខាងនយោបាយ ជាឯកតោភាគីមួយប្រឆាំងចិនពីសំណាក់ភាគី
អាមេរិក ។
កាលពីថ្ងៃទី២១ កក្កដា ភាគីអាមេរិកបានស្នើភ្លាមៗដល់ភាគីចិនឲ្យបិទស្ថានកុងស៊ុលខ្លួន ប្រចាំក្រុងហ៊ូស្តុន ។ ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក WANG WENBIN ថ្លែងថា ការសម្រេចចិត្តបែបនោះជាការរំលោភបំពានធ្ងន់ធ្ងរលើ់ច្បាប់អន្តរជាតិ និងបណ្ដាបទដ្ឋានស្ដីពីទំំនាក់ទំនងអន្តរជាតិ រំលោភបំពានធ្ងន់ធ្ងរលើកិច្ចព្រមព្រៀង ស្ដីពីកុងស៊ុលទ្វេភាគី រវាងចិននិងសហរដ្ឋអាមេរិកហើយបំផ្លាញទំនាក់ទំនងចិន-អាមេរិក ។ នោះជារឿងអាស្រូវនិងអយុត្តិធម៌មួយ ។ ចិនស្នើជាប់ជានិច្ចដល់ភាគីអាមេរិកឲ្យដកចេញវិញជាបន្ទាន់ការសម្រេចដ៏អាក្រក់នេះ បើមិនដូច្នោះទេចិននឹងបញ្ចេញប្រតិកម្មតបតវិញ ពិតណាស់ដោយស្របច្បាប់និងចាំបាច់ ។
យោងតាមអ្នកនាំពាក្យរូបនោះថា ចាប់តាំងពីមួយរយៈមកហើយ រដ្ឋាភិបាលអាមេរិកតែងទម្លាក់កំហុស មិនឈប់ឈរលើភាគីចិននិងវាយប្រហាររិះគន់ចិន វាយប្រហារលើប្រព័ន្ធសង្កមចិន ហើយបង្កើតឧបសគ្គនានាលើបុគ្គលិកការទូតនិងស្ថានកុងស៊ុលចិននៅសហរដ្ឋអាមេរិក ។ ទន្ទឹម
នឹងនេះអាមេរិកក៏សម្លុតបំភ័យនិងសួរចម្លើចបណ្ដានិស្សិតចិននៅសហរដ្ឋអាមេរិករឹបអូសយកគ្រឿងឧបករណ៍អេឡិកត្រូនិកផ្ទាល់ខ្លួនរបស់ពួកគេ ។ មិនតែប៉ុណ្ណោះនៅមានការចាប់ឃុំឃាំងពួកគេដោយគ្មានហេតុផលទៀតផង ។
លោកបន្តថាការបិទជាឯកតោភាគីស្ថានកុងស៊ុលចិនប្រចាំក្រុងហ៊ូស្តុន ក្នុងពេលដ៏ខ្លីបំផុតក៏ជាការបង្កើនពុំធ្លាប់មានពីមុនមកនូវសកម្មភាពរបស់អាមេរិកប្រឆាំងចិន ។
ក្រុងវ៉ាស៊ិនតោនបានចញបញ្ជាឲ្យក្រុងប៉េកាំងបិទភ្លាមៗ ស្ថានកុងស៊ុលខ្លួនប្រចាំក្រុងហ៊ូស្តុន ដោយចោទប្រកាន់ថាជាចំណុចស្នូលនៃការធ្វើចារកម្មរបស់ចិននៅសហរដ្ឋអាមេរិក ដែលបែបនេះនាំឲ្យមានការកើនឡើងថ្មីទៀតនៃភាពតានតឹងរវាងអាមេរិកនិងចិន ។ អាជ្ញាធរចិនប្រកាសភ្លាមៗពីការសងសឹកវិញស្ថានកុងស៊ុលចិនប្រចាំក្រុងហ៊ូស្តុនជាស្ថានកុងស៊ុលមួយ ក្នុងចំណោមស្ថានកុងស៊ុល៥របស់ចិននៅសហរដ្ឋអាមេរិក ត្រូវបានភាគីអាមេរិកឲ្យបិទតែក្នុងរយៈពេល៧២ម៉ោង ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ