ខេត្តបន្ទាយមានជ័យ ៖ បុរសនិងស្ត្រីជាជនជាតិខ្មែរ និងជនជាតិវៀតណាមសរុបចំនួន៥នាក់ត្រូវបានសមត្ថកិច្ចចម្រុះថៃធ្វើការចាប់ខ្លួន ដោយចោទពីបទលួចឆ្លងដែនខុសច្បាប់នៅច្រកអន្តរជាតិខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ និងច្រករបៀងក្បែរនោះកាលពីយប់ថ្ងៃទី២២ កក្កដា ឆ្នាំ២០២០ នេះបើតាមការចុះផ្សាយរបស់គេហទំព័រនិងកាសែតថៃមួយ ។

ករណីខាងលើនេះបានកើតឡើងចំនួន២ករណីផ្សេងគ្នា ដោយករណីទី១-មានស្ត្រីជាជនជាតិខ្មែរម្នាក់លោតឡើងលើរថយន្តដឹកទំនិញថៃនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពួនក្បែរទូក្លាស្សេត្រី ត្រូវសមត្ថកិច្ចថៃចាប់បាននៅលើទឹកដីគេ រួចយកទៅសួរនាំ ។

បើតាមប្រភពព័ត៌មានថា ស្ត្រីម្នាក់ខាងលើនោះឈ្មោះម៉េត ណារី អាយុ៣៦ឆ្នាំ ចេះសសេរនិងអានចំនួន៣ភាសា ដូចជាអង់គ្លេស, ថៃនិងវៀតណាម ប៉ុន្តែសមត្ថកិច្ចកម្ពុជាអះអាងថា ស្ត្រីម្នាក់នេះមានសតិមិនគ្រប់ ព្រោះឃើញដើរចុះឡើងនៅមាត់ច្រកទ្វារអន្តរជាតិច្រើនថ្ងៃមកហើយ។

ដោយឡែកករណីទី២-មានបុរសនិងស្ត្រីជាជនជាតិខ្មែរ និងវៀតណាមសរុបចំនួន៤នាក់ទៀត (ស្រីម្នាក់) ត្រូវទាហានព្រានថៃលេខ១២០១ប្រចាំនៅជិតច្រកទ្វារអន្តរជាតិខ្លងលឹកប៉ោយប៉ែតចាប់ខ្លួនកាលពីយប់ថ្ងៃទី២២ ខែកក្កដា ខណៈពួកគេទាំងនេះដើរឆ្លងអូរព្រំដែនចូលផ្សាររុងក្លឿ ក្នុងគោលបំណងទៅលក់ដូរ និងខ្លះប្រុងទៅរកការងារធ្វើ។

តាមប្រភពពីបុរសវ័យ៤០ឆ្នាំម្នាក់ ឈ្មោះរុន សាន រស់នៅក្រុងប៉ោយប៉ែត បានប្រាប់សមត្ថកិច្ចថៃថា គាត់ចូលទៅទឹកដីថៃក្នុងគោលបំណងទៅលក់ដូរស្បែកជើងជជុះនៅផ្សាររុងក្លឿ ហើយអះអាងថា ពួកគាត់ចំណាយប្រាក់ឲ្យមេខ្យល់នាំឆ្លងអូរព្រំដែនម្នាក់៣០០០បាត។

បច្ចុប្បន្ន បុរសនិងស្ត្រីជាជនជាតិខ្មែរ និងវៀតណាមសរុបចំនួន៥នាក់ខាងលើនេះត្រូវបានគេបញ្ជូនទៅស្ថានីយតម្រួតខ្លងលឹក ដើម្បីធ្វើការសាកសួរបន្ត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ