ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាក់​លើ​ក្រអូមមាត់ ក្លាយទៅជា​កន្លែង​ដែល​គេ​ចូល​ចិត្ត​សាក់​បែប​អាថ៌​កំបាំង

4 ឆ្នាំ មុន

បែ​ល​ហ្ស៊ិ​ក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា វិចិត្រករ​សាក់​ជនជាតិ​បែ​ល​ហ្ស៊ិ​ក​ម្នាក់ ឈ្មោះ Indy Voet…

បែ​ល​ហ្ស៊ិ​ក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា វិចិត្រករ​សាក់​ជនជាតិ​បែ​ល​ហ្ស៊ិ​ក​ម្នាក់ ឈ្មោះ Indy Voet ទទួល​បាន​កេរ្តិ៍ឈ្មោះ​សម្រាប់​ការ​ចាក់​សាក់​អចិន្ត្រៃយ៍ នៅ​លើ​កន្លែង​ដែល​មិនធម្មតា​បំផុត ចាប់តាំងពី​ក្រ​យ៉ៅ​ដៃ​មនុស្ស រហូត​ដល់​កន្លែង​អាថ៌​កំបាំង​ផ្សេង​ៗ​ទៀត​នៅ​ពីក្រោយ​ត្រចៀក​។ ប៉ុន្តែ​ជំនាញ​របស់​គាត់ គឺ​ការ​ចាក់​សាក់​នៅ​ក្រអូមមាត់​មនុស្ស​។

Indy Voet បាន​ចាក់​សាក់​ឱ្យ​មនុស្ស​នៅ​លើ​ក្រអូមមាត់​នេះ​អស់​រយៈពេល​៥​ឆ្នាំ​ហើយ​។ មុន​នឹង​ធ្វើការ​ចាក់​សាក់​នៅ​កន្លែង​មិនធម្មតា​បែប​នេះ គេ​ធ្លាប់​បាន​ប្រឡូក​ក្នុង​ការ​ចាក់​សាក់​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​។ ការ​ចាក់​សាក់​លើ​ក្រអូមមាត់ គឺ​ពិតជា​មិន​ងាយ និង​មាន​មនុស្ស​ណា​ឃើញ​នោះ​ទេ ក្រៅពី​ពេទ្យធ្មេញ​។ ហេតុ​ដូចនេះ​ហើយ មនុស្ស​ក៏​ចាប់ផ្តើម​យល់​ឃើញ​ថា វា​ពិតជា​ឡូយ​មែនទែន ពេល​មាន​ស្នាម​សាក់​នៅ​កន្លែង​អ៊ីចឹង​។

លោក Indy Voet បាន​ប្រាប់​សារព័ត៌មាន Inked Mag ថា​៖ «​ខ្ញុំ​ពិតជា​មិន​ប្រើ​អ្វី​ក្រៅពី​ម្ជុល និង​ទឹក​ថ្នាំ​សាក់ បូក​ជាមួយនឹង​ជំនឿ​ទុកចិត្ត​របស់​អតិថិជន​ខ្ញុំ​ទេ​»​។

ប្រសិនបើ​យើង​មិន​ធ្លាប់​ចាក់​សាក់​លើ​ក្រអូមមាត់​បែប​នេះ​ទេ យើង​ប្រាកដ​ណាស់​នឹង​គិត​ថា វា​ពិតជា​ឈឺចាប់​មែនទែន​។ តែ​លោក Voet ថា ៩០% នៃ​អតិថិជន​របស់​លោក ប្រាប់​ថា មិន​មានការ​ឈឺចាប់​អ្វី​នោះ​ទេ ហើយ​១០%​ទៀត គ្រាន់តែ​ត្អូញត្អែរ​ភាគច្រើន​អំពី​ការ​ឈឺ​សាច់ដុំ​ថ្គាម ព្រោះតែ​ការ​បើក​មាត់​ចំហ​យូរ​ពេក ពេល​កំពុង​ចាក់​សាក់​។

ចំពោះ​រយៈពេល​នៃ​ការ​ជា​សះស្បើយ បន្ទាប់​ពី​ទទួល​បាន​ស្នាម​សាក់​នៅ​លើ​ក្រអូមមាត់​វិញ សិល្បករ​ជនជាតិ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ និយាយ​ថា​៖ «​ការ​ថែទាំ​ក្រោយ​ពេល​ចាក់​សាក់​ក្រអូមមាត់ គឺ​ដូច​ទៅ​នឹង​ការ​ចាក់​សាក់​មាត់ ឬ ចោះ​មាត់​អ៊ីចឹង​ដែរ​។ យើង​មិន​ត្រូវ​ញ៉ាំ​អ្វី​ហឹរ​ពេក ជាតិ​ស្រា​ខ្លាំង​ពេក ហើយ​ត្រូវ​ប្រយ័ត្ន​ចំពោះ​អាហារ ដែល​យើង​ដាក់​ចូល​ក្នុង​មាត់ ពី​២​ទៅ​៣​ថ្ងៃ​»​។

ប៉ុន្តែ​ខណៈ​ពេល​កូ​វី​ដ​១៩ កំពុង​រាតត្បាត​នេះ ការ​ចាក់​សាក់​ចម្លែក​របស់​លោក Voet មិនសូវ​ជា​មានការ​ពេញ​និយម​ទេ ដោយសារ​តែ​មាត់ និង​ច្រមុះ​ជា​ប្រភព​ឆ្លង​មេរោគ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ