ខេត្តប៉ៃលិន ៖ ម្ចាស់គោបាមានការសោកស្តាយជាពន់ពេក ខណៈខំប្រឹងចិញ្ចឹមគោចំនួន៣ក្បាល ក្នុងនោះគោឈ្មោល២ក្បាលគោមេ១ក្បាល ហើយពិសេសទៀតនោះមានគោឈ្មោល១ក្បាលជាគោបាសម្រាប់ដាក់មេឱ្យគោអ្នកភូមិ ហើយឈ្មួញក៏ធ្លាប់សួរចរចាហ៊ានទិញក្នុងតម្លៃជាង៣.០០០ដុល្លារ បែរជាត្រូវរន្ទះបាញ់ងាប់ ។

ម្ចាស់គោនិយាយថា គាត់ម្ចាស់មិនទាន់ចង់លក់ទេ ព្រោះគោបា១ក្បាលនេះធំធាត់ល្អ ហើយស្អាតគួរឱ្យស្រឡាញ់ទៀត ។ អ្វីដែលគួរឱ្យហួសចិត្តនោះ គឺពេលយកទៅចងឱ្យស៊ីស្មៅក្បែរដើមឈើធំ២ដើមខាងក្រោយផ្ទះ ស្រាប់តែមានភ្លៀង១មេធំលាយឡំដោយផ្គរលាន់រញ្ជួយមេឃនិងបន្តិចក្រោយមក រន្ទះបានបាញ់គោបាសំណព្វចិត្តរបស់គាត់ងាប់តែម្តង ។

រន្ទះបាញ់គោបាងាប់ខណៈមានភ្លៀងធ្លាក់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ២និង៣០នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។

ម្ចាស់គោឈ្មោះ ភី អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ ឆ វៀត អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិសង្កាត់ខាងលើ ។ គាត់បានរៀបរាប់ថា មុនពេលកើតហេតុ គាត់បានដឹកគោទាំង៣ក្បាលទៅចងឱ្យស៊ីស្មៅនៅខាងក្រោយផ្ទះក្បែរដើមក្រសាំង និងដើមអំពិលបារាំង ។ លុះដល់ពេលរសៀល ស្រាប់តែមេឃខ្មៅអួអាប់ និងមានភ្លៀងធ្លាក់លាយឡំដោយផ្លេកបន្ទោរ និងរន្ទះបាញ់់ដើមឈើ បណ្តាលឱ្យបាក់មែក ហើយប៉ះចំគោបារបស់គាត់ងាប់នៅនឹងកន្លែងតែម្តង ។

ប្រភពដដែលបន្តទៀតថា ក្រោយពីរន្ទះបាញ់ងាប់គោបារបស់គាត់ ឈ្មួញហ៊ានទិញត្រឹម
តែតម្លៃ១.០០០ដុល្លារប៉ុណ្ណោះ ដោយឈ្មួញមកពីស្រុករតនមណ្ឌល ខេត្តបាត់ដំបង ទិញយកទៅកាប់សាច់លក់ឱ្យម៉ូយនៅទីនោះភ្លាមៗ ដោយស្ទូចដឹកតាមរថយន្តយកទៅ បន្ទាប់ពីគាត់សម្រេចចិត្តលក់ទាំងការសោកស្តាយបំផុត ៕ (កែសម្រួលដោយ ៖ ធីតា)

ចែករំលែកព័តមាននេះ