ប្រេស៊ីល ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា វ៉ាក់សាំងដែលផលិតដោយជនជាតិចិនប្រឆាំងនឹងជំងឺកូវីដ១៩ បានឈានដល់ដំណាក់កាលចុងក្រោយនៃការធ្វើតេស្តនៅថ្ងៃអង្គារ៍ ក្នុងប្រទេសប្រេស៊ីល ដែលអ្នកស្ម័គ្រចិត្តបានទទួលនូវការចាក់ដូសទី១ ដែលគេសង្ឃឹមថា វានឹងអាចផ្លាស់ប្តូរអនាគតនៃការរាតត្បាតនៅពេលនេះបាន។
វ៉ាក់សាំងនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថឯកជនចិន Sinovac Biotech។ វាបានក្លាយជាវ៉ាក់សាំងទី៣ នៅលើពិភពលោក ដែលបានចូលទៅក្នុងការសាកល្បងគ្លីនិកដំណាក់កាលទី៣ ឬការធ្វើតេស្តទ្រង់ទ្រាយធំ លើមនុស្សដែលជាជំហានចុងក្រោយ មុនពេលអនុម័តបទប្បញ្ញត្តិ។

វេជ្ជបណ្ឌិតវ័យ២៧ឆ្នាំ ដែលបានទទួលការចាក់លើកដំបូង នៅមន្ទីរពេទ្យគ្លីនិកសៅប៉ូឡូបាននិយាយថា៖ «យើងកំពុងរស់នៅក្នុងពេលវេលាពិសេស និងជាប្រវត្តិសាស្ត្រ ហើយនេះជាមូលហេតុដែលខ្ញុំចង់ចូលរួមក្នុងការធ្វើសាកល្បងទ្រង់ទ្រាយធំនេះ»។
បុគ្គលិកសុខាភិបាលប្រហែល ៩,០០០នាក់ នៅទូទាំងរដ្ឋចំនួន៦ របស់ប្រេស៊ីល នឹងទទួលបានវ៉ាក់សាំង ដែលត្រូវបានគេស្គាល់ថា CoronaVac ដូសទី២ ក្នុងរយៈពេល ៣ខែទៀតក្រោមការស្រាវជ្រាវ។
អភិបាលក្រុង Sao Paulo លោក Joao Doria បាននិយាយថា លទ្ធផលដំបូងត្រូវបានគេរំពឹងទុកក្នុងរយៈពេល ៩០ថ្ងៃ។
Sinovac កំពុងធ្វើជាដៃគូជាមួយមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាធារណៈរបស់ប្រទេសប្រេស៊ីល គឺវិទ្យាស្ថាន Butantan ស្តីពីការសាកល្បង។ បើវ៉ាក់សាំងនេះ បង្ហាញថា មានសុវត្ថិភាព និងប្រសិទ្ធភាព វិទ្យាស្ថាននឹងមានសិទ្ធិផលិតថ្នាំចំនួន ១២០លានដូស ក្រោមកិច្ចព្រមព្រៀង។
គួរបញ្ជាក់ផងដែរថា ប្រទេសប្រេស៊ីលជាប្រទេសដែលរងគ្រោះខ្លាំងជាងគេលំដាប់ទី២ ក្នុងការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក។ ចំនួនអ្នកបាត់បង់ជីវិតដោយសារវានៅប្រេស៊ីលបានកើនឡើងដល់ ៨០,០០០នាក់កាលពីថ្ងៃច័ន្ទ ហើយមានករណីឆ្លងក្នុងប្រទេសដល់ទៅ ២,១លាននាក់៕ ដកស្រង់ចេញពីវេបសាយ bangkokpost (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ