កម្មករជាង១០០នាក់ផ្ទុះការតវ៉ា ក្រោយរោងចក្រប្រកាសបិទទ្វារ (វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាព្រឹកថ្ងៃទី២២ កក្កដា ឆ្នាំ២០២០ កម្មករកម្មការិនីរោងចក្រកាត់ដេរវ៉ាយអូឡេស ដែលមានទីតាំងនៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រមាណជា១០០នាក់ក្នុងចំណោមកម្មករជាង១២០០០នាក់ បានលើកគ្នាមកតវ៉ាដោយមានលើកបដានៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសុំឱ្យក្រសួងជួយអន្តរាគមន៍ដោះស្រាយបញ្ហាចំនួន៥ចំណុច ក្រោយរោងចក្រខាងលើនេះប្រកាសបិទទ្វារ ដោយមិនបានដោះស្រាយតាមច្បាប់ការងារជូនពួកគាត់ ។

តាមប្រភពពីក្រុមកម្មករបានឱ្យដឹងថា រោងចក្រខាងលើបានព្យួរការងាររយៈពេល២ខែ គឺខែឧសភា និងខែមិថុនា ដោយសន្យាថាចូលធ្វើការវិញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដោយសារស្ថានភាពកូវីដ១៩ ។ បន្ទាប់ពីព្យួរការងារ រហូតដល់ថ្ងៃកំណត់ត្រូវចូលធ្វើការវិញ ស្រាប់តែរោងចក្របានប្រកាសបិទទ្វារតែម្តង ដោយប្រាប់មូលហេតុថា មកពីបញ្ហាផ្ទុះជំងឺកូវីដ១៩ ហើយគ្មានអ្នកបញ្ជាទិញ ដោយមិនបានដោះស្រាយតាមច្បាប់ការងារជូនកម្មករ ទើបក្រុមកម្មករក៏ធ្វើការតវ៉ាតាំងពីថ្ងៃទី១ កក្កដា មកម៉្លេះ ។

តាមប្រភពដដែលបានបន្តថា រោងចក្រខាងលើបានដំណើរការតាំងពីឆ្នាំ២០០៣មកម៉្លេះ មិនដែលមានបញ្ហាអ្វីនោះទេ ស្រាប់តែពេលនេះថៅកែរោងចក្របានប្រកាសបិទទ្វារដោយសារបញ្ហាកូវីដ១៩ ដោយមិនបានជូនដំណឹង និងដោះស្រាយជូនកម្មករតាមច្បាប់ការងារឡើយ ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីមានក្រុមកម្មករលើកគ្នាតវ៉ាខាងលើនេះដែរ ខាងក្រសួងក៏បានអនុញ្ញាតឱ្យតំណាងកម្មករចំនួន១០នាក់ចូលជួប ដើម្បីយកញត្តិទៅជូនក្រសួង ។

សូមបញ្ជាក់ផងដែរថា រោងចក្រខាងលើនេះមានសាខាចំនួន៣ធំៗ ហើយសាខារោងចក្រចំនួន៣នេះនៅដំណើរការជាធម្មតាទេ ។ ដោយឡែកក្រុមកម្មករអះអាងថា ថៅកែរោងចក្រយកលេសថា អត់មានអ្នកបញ្ជាទិញនោះ គឺផ្ទុយស្រឡេះ ដោយសារសាខារោងចក្រចំនួន៣នោះនៅដំណើរការនៅឡើយទេ ។

តាមសេចក្តីរាយការណ៍បានបន្តថា គិតមកត្រឹមវេលាម៉ោង៩និង៤២នាទីព្រឹកថ្ងៃដដែល ក្រុមកម្មករបានធ្វើដំណើរចេញពីក្រសួងការងារ ក្នុងគោលបំណងឆ្ពោះទៅកាន់ខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន ជាបន្តទៀត ដោយនៅតាមផ្លូវក៏មានអាជ្ញាធរព្យាយាមរារាំងនៅចំណុចមុខមន្ទីរពេទ្យកុមារជាតិដែរ ប៉ុន្តែក្រុមកម្មករនៅតែបន្តរុលទៅមុខទៀត ដោយធ្វើតាមផ្លូវតូចៗ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)


























ចែករំលែកព័តមាននេះ