ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កបញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​ចិន នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន រដ្ឋ​តិច​សាស់ ៣​ថ្ងៃ​ទៀត

4 ឆ្នាំ មុន

ទីក្រុង​ហ៊ូ​ស្តុ​ន ៖ សហរដ្ឋអាមេរិក បាន​បញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​ចិន នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន រដ្ឋ​តិច​សាស់ កាលពី​យប់​ថ្ងៃ​អង្គារ ទី​២១ កក្កដា ២០២០…

ទីក្រុង​ហ៊ូ​ស្តុ​ន ៖ សហរដ្ឋអាមេរិក បាន​បញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​ចិន នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន រដ្ឋ​តិច​សាស់ កាលពី​យប់​ថ្ងៃ​អង្គារ ទី​២១ កក្កដា ២០២០ ដោយ​ទុក​រយៈពេល​ឲ្យ​៧២​ម៉ោង នាំ​ឲ្យ​អ្នកការទូត​ចិន នាំ​គ្នា​ដុត​ឯកសារ និង​ក្រដាស ដាក់​ក្នុង​ធុងសំរាម នៅ​ទីធ្លា​អាគារ​ស្ថាន​កុងស៊ុល ។

ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​អះអាង​ថា ការ​បិទ​ជា​បន្ទាន់​នេះ គឺ​ចាំបាច់​ដើម្បី “​ការពារ​កម្មសិទ្ធិបញ្ញា​អា​មេ​រិ​ក និង​ព័ត៌មាន​ឯកជន​ដទៃ​ទៀត​របស់​ពលរដ្ឋ​អា​មេ​រិ​ក​” ។

លោក Marco Rubio សមាជិក​ព្រឹទ្ធសភា គណបក្ស​សាធារណរដ្ឋ ដែល​ជា​ប្រធាន​ស្តីទី នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​ព្រឹទ្ធសភា បាន​អះអាង​នៅ​លើ​បណ្តាញ​សង្គមទ្វីធើរ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា “​ស្ថាន​កុងស៊ុល​របស់​ចិន​ នៅ​ហ៊ូ​ស្តុ​ន គឺជា​មជ្ឈមណ្ឌល​ចារកម្ម​ដ៏​ធំ​មួយ​” ។ លោក​បាន​បន្ថែម​ថា “​ការ​បង្ខំ​ឲ្យ​បិទ​នេះ គឺ​វា​ហួសពេលទៅ​ហើយ​” ។

ចំណែកឯ​ ប្រទេស​ចិន​វិញ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្រេច​នេះ ខណៈ​ដែល​ស្ថាន​កុងស៊ុល ទទួល​បាន​ដំណឹង​អំពី​ការ​សម្រេចចិត្ត​បិទ​នេះ កាលពី​ថ្ងៃ​អង្គារ ចំ​ពេល​មាន​ភាព​តានតឹង​ជា​បន្តបន្ទាប់ រវាង​ទីក្រុង​ប៉េ​កាំ​ង និង​វ៉ា​ស៊ី​ន​តោន ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក វ៉ាង វេន​ប៊ី​ន បាន​ហៅ​សកម្មភាព​នេះ​ថា ជា​សកម្មភាព​គួរ​ឱ្យ​ស្អប់ខ្ពើម និង​មិន​សម​ហេតុផល ដែល​នឹង​បំផ្លាញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ។

លោក វ៉ាង វេន​ប៊ី​ន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​ប៉េ​កាំ​ង​ថា “​ការ​បិទ​ជា​ឯកតោភាគី ហើយ​បិទ​អគ្គ​កុងស៊ុល​ចិន នៅ​ហ៊ូ​ស្តុ​ន ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ គឺ​មិន​ធ្លាប់​មាន​ទេពី​មុន​មក ហើយ​សកម្មភាព​ថ្មី​ៗ​របស់​សហរដ្ឋអាមេរិក គឺ​បង្កើន​ការ​ប្រឆាំង​នឹង​ប្រទេស​ចិន​” ។

លោក វ៉ាង វេន​ប៊ី​ន បាន​ព្រមាន​ពី​វិធានការ​ទប់ទល់​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​សហរដ្ឋអាមេរិក មិន​វិល​ទៅ​រកភាព​ដូច​ដើម ​វិញ​ទេ ។

ក្រៅពី​ស្ថានទូត​របស់​សហរដ្ឋអាមេរិក នៅ​ទីក្រុង​ប៉េ​កាំ​ង អាមេរិក ក៏​មាន​ការិយាល័យ​កុងស៊ុល​ចំនួន​៥ នៅ​ចិនដីគោក រួម​មាន នៅ​សៀង​ហៃ​, ក្វា​ង​ចូ​វ​, ឈិ​ន​ឌូ​, វ៉ូ​ហាន និង​សៀន​យ៉ាង ។

ទីក្រុង​ហ៊ូ​ស្តុ​ន រដ្ឋ​តិច​សាស់ គឺជា​ស្ថាន​កុងស៊ុល​ចិន​ដំបូង​បង្អស់ ដែល​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​ឆ្នាំ​១៩៧៩ បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​ចិន បាន​បង្កើត​ទំនាក់ទំនង​ការទូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ