រាជធានីភ្នំពេញ ៖ នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលសារជាច្រើនពីប្រជាពលរដ្ឋ ទាក់ទងនឹងសារឈ្នះរង្វាន់ទូរស័ព្ទ ដែលពួកគេទទួលបាន ។ សារបោកប្រាស់នោះ ត្រូវបានផ្ញើទៅកាន់ទូរស័ព្ទរបស់អ្នកប្រើប្រាស់ ដោយភ្ជាប់មកជាមួយនឹងតំណភ្ជាប់ ព្រមទាំងពាក្យបោកបញ្ឆោតថា “ឈ្នះរង្វាន់ទូរស័ព្ទមួយគ្រឿងដោយគ្រាន់តែ ចុចចូលទៅក្នុងតំណភ្ជាប់” របស់វេបសាយដោយប្រើស្លាកសញ្ញា (logo) របស់ក្រុមហ៊ុនពិតៗ ដែលបានបង្កើតឡើងដោយក្រុមបណ្តាញឧក្រិដ្ឋជន ។
តាមការស្រាវជ្រាវបឋម នាយកដ្ឋានរកឃើញថា នេះជាប្រភេទបោកប្រាស់ (Scam) ស្រដៀងគ្នានឹងការបោកប្រាស់ call back ដែលទាមទារឱ្យជនរងគ្រោះយកលេខទូរស័ព្ទរបស់ខ្លួន តេទៅលេខក្រៅប្រទេសមួយចំនួននោះ ដែលបញ្ហានេះក៏ធ្លាប់បានកើតឡើងក្នុងប្រទេសកម្ពុជាយើងរួចមកហើយ ។
ជាមួយការបោកប្រាស់នេះ អ្នកប្រើប្រាស់នឹងត្រូវខាតបង់លុយជាច្រើន នៅពេលដែលពួកគេ បានយកលេខទូរស័ព្ទរបស់ខ្លួន តេទៅលេខនោះ ដោយសារតម្លៃសេវា គឺមានតម្លៃថ្លៃ និងកាត់ពីគណនីទូរស័ព្ទជនរងគ្រោះ ដោយស្វ័យប្រវត្តិ ។ លេខទូរស័ព្ទដែលតម្រូវឱ្យតេទៅនោះ គឺមានក្បាលលេខ (+216) មកពីប្រទេសទុយនីស៊ី ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំ ប្រជាពលរដ្ឋទាំងអស់កុំជឿលើការបោកបញ្ឆោតដោយ ការឈ្នះរង្វាន់ ការលក់ទំនិញថោកក្រោមតម្លៃទីផ្សារ…។ល។ ហេតុដូច្នេះហើយសូមកុំចុចលើតំណភ្ជាប់ ដែលបានផ្ញើចូលក្នុងទូរស័ព្ទ ដែលលោកអ្នកមិនបានស្នើសុំ ព្រោះតំណទាំងនោះអាចភ្ជាប់មកជាមួយវេបសាយ ដែលមានផ្ទុក Adware ។ Adware គឺជាមេរោគដែលអាចផ្សព្វផ្សាយពាណិជ្ជកម្មរញ៉េរញ៉ៃ ព្រមទាំងអាចលួចយកលេខសម្ងាត់បានថែមទៀតផង ៕
ចែករំលែកព័តមាននេះ