ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មនុស្ស២នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ឯម្នាក់ទៀតបានបាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីជួបឧបទ្ទវហេតុជិះម៉ូតូ MSX ឌុបគ្នា៣នាក់ទៅបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយ ដឹកអេតចាយបញ្ច្រាសទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីម៉ោង៣និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០៤០៧ និងលេខ០៤០៨ ក្រៅទីប្រជុំជនខាងកើតភូមិរហាលប្រហែលជា២.៥០០ម៉ែត្រ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ក្នុងចំណោមអ្នកបាត់បង់ជីវិត ទាំង៣នាក់មានម្នាក់ជាកូនលោកអធិការស្រុកព្រះនេត្រព្រះផងដែរ ។

ប្រភពព័ត៌មានពីនរបាល បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះ យ៉ត សុកាន់យ៉ាភេទប្រុស អាយុ២២ឆ្នាំ នៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ អួង វិសាល ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ៣-ឈ្មោះ សឿត ជីវិត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ស ពាក់ស្លាក លេខ ប.មានជ័យ. 1Q-2690 បើកបរដោយឈ្មោះ យ៉ត សុកាន់យ៉ា ក្នុងទិសដៅពីទិសខាងលិចទិសខាងកើត ។ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅខាងឆ្វេងដៃក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-2367 ដឹកអេតចាយ បានបើកបរមកពីទិសខាងកើតទៅទិសខាងលិច ក្នុងទិសដៅ(ផ្ទុយគ្នា) បណ្ដាលឱ្យបុកគ្នាពេញមួយទំហឹង ។
ប្រភពដដែលបន្តថា សពជនរងគ្រោះទាំង០៣នាក់ ក្រោយពេលកើតហេតុបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងនគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះ បានយកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ