រាជធានីភ្នំពេញ ៖ ដើម្បីគាំទ្រដល់ប្រទេសជាដៃគូក្នុងការប្រយុទ្ធនឹងវីរុសកូរ៉ូណា ក៏ដូចជាផលវិបាកដែលបង្កឡើងដោយសារការឆ្លងរាលដាលនៃវីរុសនេះ សហភាពអឺរ៉ុបបានកៀរគរកញ្ចប់ថវិកា «ក្រុមអឺរ៉ុប» ជាង ៨០០ លានអឺរ៉ូ សម្រាប់តំបន់អាស៊ាន។ យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ។

ដោយអនុវត្តតាមគោលការណ៌យុទ្ធសាស្ត្រ «ក្រុមអឺរ៉ុប» សហភាពអឺរ៉ុបបានដាក់បញ្ចូលរួមគ្នានូវធនធានរបស់ខ្លួនជាមួយនឹងធនធានដែលបានពីរដ្ឋជាសមាជិកអឺរ៉ុប និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។ មូលនិធិនេះ នឹងត្រូវប្រើប្រាស់សម្រាប់គាំទ្រដល់សកម្មភាពនានា នៅថ្នាក់ប្រទេស និងនៅថ្នាក់តំបន់ ដើម្បីឆ្លើយតបចំពោះវិបត្តិសុខភាពចំពោះមុខដែលកំពុងកើតមានឡើង ពង្រឹងប្រព័ន្ធសុខភិបាល ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ក៏ដូចជា កាត់បន្ថយផលប៉ះពាល់សង្គមសេដ្ឋកិច្ចផងដែរ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ានលោក Igor Driesmans មានប្រសាសន៍ថា «យើងកំពុងជួបប្រទះនឹងវិបត្តិសុខភាពដែលមិនធ្លាប់មានកន្លងមក ហើយដែលកំពុងបង្កផលវិបាកធ្ងន់ធ្ងរនៅក្នុងសហភាពអឺរ៉ុប និងអាស៊ាន» ។
លោកបានបន្តថា «ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការដ៏ជ្រាលជ្រៅរបស់យើង ដែលកើតចេញពីភាពជាដៃគូរវាងតំបន់ និងតំបន់ក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមកនេះ យើងបានកៀរគរកញ្ចប់ថវិកា “ក្រុមអឺរ៉ុប” ជាង ៨០០ លានអឺរ៉ូ ដើម្បីជួយដល់អាស៊ាន និងរដ្ឋជាសមាជិក ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃវីរុសកូរ៉ូណា » ។
កញ្ចប់ថវិកានេះ រួមមានថវិកាសម្រាប់ផ្តល់ការគាំទ្រ ដល់អង្គការសុខភាពពិភពលោក នៅថ្នាក់តំបន់ក៏ដូចជាការពង្រឹងការសហការរវាងអង្គការវិទ្យាសាស្ត្រនានា។ នៅក្នុងរដ្ឋជាសមាជិកអាស៊ាន កម្មវិធីនេះផ្ដល់ថវិកាគាំទ្រដល់សង្គមស៊ីវិល ផ្ដល់ថវិកាគាំទ្រដល់ការស្ដារសេដ្ឋកិច្ច ការបង្កើនសមត្ថភាពនៃមូលដ្ឋានសុខាភិបាល និងសមត្ថភាពធ្វើតេស្ត ក៏ដូចជា ជំនួយមនុស្សធម៌។
សហភាពអឺរ៉ុបកំពុងធ្វើការងារជាមួយនឹងអាស៊ាន នៅថ្នាក់តំបន់ ដើម្បីចែករំលែកបទពិសោធន៍ ជុំវិញការឆ្លើយតបនៅថ្នាក់តំបន់ចំពោះវិបត្តិនេះ។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប-អាស៊ានតាមប្រព័ន្ធអនឡាញលើកទី ១ កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០ មានការឯកភាពគ្នាថា តំបន់ទាំងពីរ ត្រូវធ្វើការងាររួមគ្នា ដើម្បីទប់ទល់នឹងវិបត្តិវីរុសកូរ៉ូណា ក៏ដូចជាផលវិបាកដោយសារវិបត្តិនេះ ៕
ចែករំលែកព័តមាននេះ