រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយល្វែងទំហំ៤ម៉ែត្រគុណ៨ម៉ែត្រ ខណៈម្ចាស់បិទទ្វារទុកចោល ដោយសារតែឆ្លងចរន្តអគ្គិសនីឆេះបំផ្លាញអស់ឯកសារចាស់ៗមួយចំនួន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះល្វែងមួយកន្លែង ខាងកើតភ្លើងស្តុបបូកគោ តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ ហេង ផល្លីន ភេទប្រុស អាយុ៣៧ឆ្នាំ ជាអាជីវករ រស់នៅភូមិសង្កាត់កើតហេតុខាងលើ ។

តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ មានផ្សែងខ្មៅហុយទ្រលោមចេញពីផ្ទះល្វែងមួយកន្លែងខាងលើ ខណៈគ្មានមនុស្សនៅ និងបានចាក់សោរទុកចោលនោះ ទើបបង្កអោយមានការភ្ញាក់ផ្អើលទៅដល់អ្នករស់នៅក្បែរខាង និងអ្នកដំណើរតាមផ្លូវ។

តាមប្រភពដដែលបានប្រាប់ឱ្យដឹងថា នៅក្នុងហេតុការណ៍ខាងលើ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿងបានចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗផងដែរ។

ពាក់ព័ទៅនឹងករណីអគ្គិភ័យឆេះផ្ទះល្វែងមួយកន្លែងដែលម្ចាស់ទុកចោលនេះដែរ គឺកើតឡើងដោយសារតែការឆ្លងចរន្តអគ្គិសនី ដោយបានឆេះបំផ្លាញអស់ឯកសារ និងសម្ភារៈប្រើប្រាស់ចាស់ៗទុកចោលអស់មួយចំនួនប៉ុណ្ណោះ។ ដោយឡែកកម្លាំងមានសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់អស់ចំនួន៣គ្រឿង ទើបភ្លើងបានរលត់ទៅវិញជាស្ថាពរ ៕ (កែសម្រួលដោយ ៖ ធីតា)








ចែករំលែកព័តមាននេះ