បុរស​វៀតណាម​ម្នាក់ យក​នារី​រកស៊ី​ផ្លូវភេទ​២​នាក់​ទៅ​ដេក បាត់​លុយ​២​ពាន់​ដុល្លារ


រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ តាម​ពាក្យបណ្តឹង​ផ្ទាល់មាត់​របស់​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ចោទប្រកាន់​ស្ត្រី​ជា​ជនសង្ស័យ​ថា លួច​យក​កាបូប​លុយ​មាន​ទឹកប្រាក់ ២​ពាន់​ដុល្លារ បាន​សម្រេច​នា​ពេល​កន្លង​ទៅ ។

ករណី​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី យប់​ថ្ងៃ​ទី​២១ ក​ក្ដ​ដា ២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​កែង​ផ្លូវ​លេខ​៩០ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក បានអោយ​ដឹង​ថា ស្ត្រី​ដែល​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​មានឈ្មោះ សុខ អ៊ា​ង​មួយ អាយុ​២៩​ឆ្នាំ មាន​មុខរបរ​រកស៊ី​ផ្លូវភេទ ស្នាក់​នៅ​សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ និង​បក្ខពួក​ម្នាក់​ទៀត បាន​រត់គេច​ខ្លួន​មានឈ្មោះ យួន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក បាន​បន្ត​ឲ្យ​ដឹង​ថា ចំណែកឯ​ជន​រង​គ្រោះ ជា​ជនជាតិ​វៀតណាម មានឈ្មោះ PHAN VAN DAT ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​មហោស្រព ខេត្តសៀមរាប ។ បុរស​ជនជាតិ​វៀតណាម បាន​ប្រទះ​ឃើញ​ស្ត្រី​ខាងលើ ក៏​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច បាន​ម្នាក់ ខណៈម្នាក់ទៀត​រត់គេច​ខ្លួន​បាត់ ដោយ​ចោទប្រកាន់​ស្ត្រី​រកស៊ី​ផ្លូវភេទ​រូប​នេះ​ថា បាន​លួច​កាបូប​លុយ ដែល​សម្ភារ​បាត់បង់​មាន​លុយ​ចំនួន ២០០០$ (​ពីរ​ពាន់​ដុល្លារ​), អត្តសញ្ញាណប័ណ្ណ​វៀតណាម ១​សន្លឹក និង​កាត​អេ​ធី​អឹ​ម AgriBank ១​សន្លឹក ។

បុរស​ជនជាតិ​វៀតណាម បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ គិត​មក​ទល់​ពេល​នេះ​គឺ​មាន​រយៈ​ពេល​២០​ថ្ងៃ​ហើយ រូប​គាត់​បាន​មក​លេង​នៅ​ភ្នំពេញ ដោយ​ចូល​កន្លែង​ផឹកស៊ី រហូត​ដល់​ស្រវឹង រួច​ហើយ ក៏​ជិះ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង មក​ម្តុំ​មាត់ទន្លេ តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​បំណង​ទៅ​រក​សេវា​ផ្លូវភេទ ហើយ​ក៏​បាន​ប្រទះ​ឃើញ​ស្ត្រី ២​នាក់ កំពុង​តែ​ឈរ​នៅ​ទីនោះ ទើប​រូប​គាត់ ក៏​បបួល​ស្ត្រី​ទាំង​២​នាក់​ទៅ​ដេក​ជាមួយ ក្នុង​តម្លៃ​៥០​ដុល្លារ ហើយ​បាន​យក​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទាំង​២ ទៅ​ដេក​នៅផ្ទះ​សំណាក់​មហា​សម្បត្តិ នៅ​លើ​ផ្លូវ​ទំនប់​៧០ ។ បន្ទាប់​ពី​គេង​ជាមួយ​គ្នា​រួច ស្ត្រី​សង្ស័យ​បាន​ចេញ​ទៅ​មុន​បាត់ ពេល​គាត់​ឆែក​មើល​កាបូប ទើប​ដឹង​ថា បាត់​ទាំង​លុយ​អស់ ២,០០០​ដុល្លារ នា​វេលា​ម៉ោង​១​និង​៣០​នាទី ឈាន​ចូល​ថ្ងៃ​ទី​២ ខែកក្កដា ។

បើ​តាម​សម្ដី​របស់​បុរស​វៀតណាម បន្ត​ទៀត​ថា រហូត​មក​ដល់​យប់​ថ្ងៃ​ទី​២១ ក​ក្ដ​ដា ២០២០ ទើប​រូប​គាត់ បាន​ប្រទះ​ឃើញ​ស្ត្រីជន​សង្ស័យ ឈ្មោះ សុខ អ៊ា​ង​មួយ ដោយ​ចៃដន្យ កំពុង​តែ​ឈរ​រកស៊ី នៅ​លើ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ទើប​គាត់​ឃាត់ខ្លួន ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​យក​ទៅ​សួរនាំ ដោយ​ចោទប្រកាន់​ថា ស្ត្រី​ឈ្មោះ សុខ អ៊ា​ង​មួយ នេះ​គឺជា​អ្នក​លួច​កាបូប គាត់​នៅ​ចាំ​មុខ​ច្បាស់​ណាស់ ។

នៅ​ប៉ុស្តិ៍​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក ស្ត្រី​ឈ្មោះ សុខ អ៊ា​ង​មួយ បាន​បដិសេធ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​មិន​បាន​លួច​កាបូប​លុយ​របស់​ជន​រង​គ្រោះ​នោះ​ទេ គឺ​នារី​ម្នាក់​ទៀត ឈ្មោះ យួន ជា​អ្នក​លួច តែ​ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា បុរស​ជនជាតិ​វៀតណាម បាន​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្រះ​ចក ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ស្ត្រី​សង្ស័យ ទៅ​តាម​និ​តិ​វិធី​ផ្លូវច្បាប់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ