រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងសាធារណការនឹងដឹកជញ្ជូន បានចុះហត្ថលេខារួមគ្នាមួយលើស្ដីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា ។ កិច្ចសហការនេះគឺដើម្បីប្រឆាំង ទប់ស្កាត់ និងលុបបំបាត់សកម្មភាពសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅក្នុងប្រទេសកម្ពុជា តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។

លោកស៊ុយ សានរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថាអនុស្សរណៈយោគយល់នេះនឹងបង្កលក្ខណៈងាយស្រួលដល់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា អាចប្រើប្រាស់ទិន្នន័យដើម្បីកំណត់អត្តសញ្ញាណយានយន្ត ឬនាវា របស់បុគ្គលសង្ស័យ ដែលពាក់ព័ន្ធនឹងសកម្មភាពសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ។

លោកបន្តថា ការចុះហត្ថលេខានេះគឺជាឱកាសដ៏ប្រពៃបំផុតក្នុងការឆ្លើយតបបានទាន់ពេលវេលា និងស្របទៅតាមតម្រូវការនិងសំណូមពរចាំបាច់និងជាបន្ទាន់របស់បងប្អូនប្រជាពលរដ្ឋក៏ដូចជារាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចបំពេញការងារ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិនានាសំដៅរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គម កសាងសង្គមមួយប្រកបដោយសន្តិសុខ សន្តិភាព សុវត្ថិភាព និងស្ថិរភាពដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត និងដើម្បីឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិដែលតម្រូវឱ្យកម្ពុជាមានយន្តការជាក់លាក់ តាមរយៈការពង្រឹងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
សូមរំលឹកថាច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកកម្ម ត្រូវបានព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្ថលេខាដាក់អោយប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៧ ខែមិថុនា ២០២០កន្លងទៅនេះ ក្នុងគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មដោយកំណត់អំពីវិធានការត្រួតពិនិត្យបង្ការទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ