ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ដែល​ជា​ទំនិញ​របស់​អ្នកមាន​មិន​ចុះថ្លៃ​ឡើយ​ក្នុង​ពេល​កូ​វី​ដ​-១៩ នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​តម្លៃ​ផ្ទះ​សម្តែង​មិន​បាន​ចុះថ្លៃ​នោះ​ទេ បើ​ទោះបីជា​គេ​សង្កេត ឃើញ​ថា មានផ្ទះ​ជា​ច្រើន​បាន​ដាក់​ស្លាក​លក់​ក៏​ដោយ ជាមួយ​គ្នា​នេះ​ដែរ​ភ្នាក់ងារ​លក់​ផ្ទះ និយាយ​ថា នៅ​ក្នុង​រដូវ​កូ​វី​ដ ១៩…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​តម្លៃ​ផ្ទះ​សម្តែង​មិន​បាន​ចុះថ្លៃ​នោះ​ទេ បើ​ទោះបីជា​គេ​សង្កេត ឃើញ​ថា មានផ្ទះ​ជា​ច្រើន​បាន​ដាក់​ស្លាក​លក់​ក៏​ដោយ ជាមួយ​គ្នា​នេះ​ដែរ​ភ្នាក់ងារ​លក់​ផ្ទះ និយាយ​ថា នៅ​ក្នុង​រដូវ​កូ​វី​ដ ១៩ នេះ តម្លៃ​ផ្ទះ​មិន​ចុះថ្លៃ​ឡើយ ច្រើន​បំផុត​គេ​បាន​ចុះថ្លៃ​មួយ ពាន់ ឬ​ពីរ​ពាន់​ដុល្លារ​ប៉ុណ្ណោះ ។ ជា​រួម​ផ្ទះ​ក្នុង​រដូវ​កូ​វី ១៩ នេះ​មិន​ត្រឹមតែ​មិន​ធ្លាក់​ថ្លៃ​ដូច ទំនិញ​នានា​នោះ​ទេ ថែម​ទាំង​លក់ដាច់​ជា​ធម្មតា​សម្រាប់​ផ្ទះ​មាន​តម្លៃ ១០​ម៉ឺន​ដុល្លារ​ចុះ ក្រោម ។

កញ្ញា ម៉ា​នី​ត អ្នកលក់​ផ្ទះ​ឱ្យ​បុរី​ល្បីឈ្មោះ​មួយ​ដែល​បាន​សង់ផ្ទះ​លក់​នៅ​ច្រើន​កន្លែង ក្នុង​ក្រុងភ្នំពេញ​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ការិយាល័យ​លក់​ផ្ទះ របស់​ក្រុមហ៊ុន​កញ្ញា​នៅ​ក្នុង​រដូវ​កូ​វី​ដ ១៩ នេះ​ដើម្បី​ទិញ​ផ្ទះ​បង់​រំលស់ ។ ម៉ា​នី​ត ឱ្យ​ដឹង​ដូច្នេះ ថា «​ក្នុង​មួយ​ថ្ងៃ​ៗ​ខ្ញុំ​លក់​ផ្ទះ​បាន​ពី ៥ ទៅ ១០​ផ្ទះ ។ ផ្ទះ​នៅ​ក្រុមហ៊ុន​ខ្ញុំ​មាន​តម្លៃ​ចាប់ពី ៥​ម៉ឺន ដុល្លារ​ឡើង​ទៅ ។ អ្នកទិញ​ផ្ទះ​សឹងតែ ១០០% គឺ​ទិញ​បង់​រំលស់ ។ ជា​មធ្យម​ក្នុង​មួយ​ខែ​បើ បង់​រំលស់​សុទ្ធ​រយៈពេល ១៥​ឆ្នាំ គឺ​ប្រហែល​ត្រូវ​បង់​ជិត ៦០០​ដុល្លារ ។ ក្រុមហ៊ុន​ខ្ញុំ​អនុញ្ញាត ឱ្យ​អតិ​ថ​ជន​បង់​រំ​លោះ​ដល់ ២០​ឆ្នាំ​» ។

លោក វុ​ទ្ធី អ្នកលក់​ផ្ទះ​ឱ្យ​ក្រុមហ៊ុន Real Estate មួយ ទទួលស្គាល់​ថា ស្ថានភាព​ទី ផ្សារ​ផ្ទះ​បាន​ល្អ​ប្រសើរ​បន្តិច​ចាប់ពី​ចូល​ឆ្នាំ​ខែ្ម​រ​ក្នុង​ខែមេសា​មក ។ លោក​បន្ត​ថា ស្ថានភាព លក់​ផ្ទះ​នៅ​ពេល​នេះ​មិនអាក្រក់​ដូច​កាលពី​ខែកុម្ភៈ និង​មីនា​នោះ​ឡើយ តែ​អ្នកលក់​អចលន ទ្រព្យ​ម្នាក់​នេះ​និយាយ​ថា ផ្ទះ​ដែល​គេ​លក់​បាន​នៅ​ពេល​នេះ គឺ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ប៉ុណ្ណោះ ។ ផ្ទះ​សម្រាប់​ជនបរទេស​វិញ គឺ​លក់​មិន​ដាច់​ឡើយ ។

លោក វុ​ទ្ធី ឲ្យ​ដឹង​ទៀត​ថា ទាំង​បុរី និង​ខុន​ដូ​ដែល​មាន​តម្លៃលើស​ពី ១០​ម៉ឺន​ដុល្លារ ឡើង​ទៅ គឺ​ពិបាក​លក់​ណាស់ ពីព្រោះ​ផ្ទះ​ថ្លៃ​សម្រាប់​តែ​អ្នកមាន ឬ​ជនបរទេស ។ អ្នកមាន ដូច​ជា​បាន​ទិញ​ផ្ទះ​សឹង​អស់​គ្នា​ហើយ ចំណែក​បរទេស​មិន​អាច​ធ្វើ​ដំណើរ​បាន​ទេ​នៅ​ពេល នេះ ដូច្នេះ​មាន​តែ​អ្នកមាន​ជីវភាព​មធ្យម ឬ​ក្រោម​មធ្យម​ជា​ខ្មែរ ដែល​ពួក​គាត់​នៅ​ព្យាយាម ទិញ​ផ្ទះ​បង់​រំលស់​ដើម្បី​រស់នៅ​ក្នុង​ទីក្រុង ។

ឈ្មួញ​ណ្តា​ល​ខាងលើ​នេះ​ហាក់​និយាយ​ត្រង់​ថា ទោះបី​មាន​ជំងឺ​កូ​វី​ដ ១៩ ក្តី​តែ​ផ្ទះ​មិន បាន​ធ្លាក់​ថ្លៃ​ទេ ។ លោក វុ​ទ្ធី និយាយ​ជាមួយ​ស្នាមញញឹម​ថា វា​ធម្មតា​ទេ អ្នក​សង់ផ្ទះ​លក់ មិនមែន​អ្នកក្រ​ឡើយ ដូច្នេះ​គេ​មិន​ខ្វល់​ពេល​ណា​លក់ដាច់​ឡើយ ។ ទុក​ផ្ទះ​ចោល ១​ឆ្នាំ ឬ ២​ឆ្នាំ​ក៏​មិន​បះ​ពាល់​សេដ្ឋកិច្ច​គេ ដូច្នេះ បើ​លក់​មិន​ចំណេញ គឺ​គេ​ទុក​ផ្ទះ​ចោល ។ ធម្មតា ទំនិញ​របស់​អ្នកមាន​មិន​ងាយ​ចុះថ្លៃ​ទេ ។

ជាមួយ​ការ​អះអាង​ថា ការ​លក់​ផ្ទះ​ដំណើរការ​ជា​ធម្មតា គេ​ក៏​សង្កេត​ឃើញ​ការដ្ឋាន សំណង់​បុរី​តូច​ធំ​ជា​ច្រើន​មាន​សកម្មភាព​សាងសង់​រាល់ថ្ងៃ ។ សំណង់ផ្ទះ​រាប់រយ​ខ្នង​បាន សង់​ក្នុង​មួយ​ថ្ងៃ​ៗ​នៅ​ក្នុង​សម័យ​កូ​វី​ដ ១៩ នេះ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ ហើយ​ជំនួញ ជា​ច្រើន​រង​ផល​ប៉ះពាល់​នោះ ។ បើ​គេ​តាមដាន​គេហទំព័រ​របស់​ក្រុមហ៊ុន​បុរី​ល្បី​ៗ​ឈ្មោះ នោះ គេ​នឹង​ដឹង​ថា ការដ្ឋាន​សាងសង់​ផ្ទះ​ថ្មី​ៗ​បាន​បើក​លក់​ជា​បន្តបន្ទាប់​រាល់ថ្ងៃ​នេះ ។

លោក វុ​ទ្ធី បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា ខ្ញុំ​សង្កេត​ឃើញ​ថា មាន​តែ​ពលរដ្ឋ​យើង​ជា​អ្នក ក្រ​ដែល​មិន​ទាន់​មានផ្ទះ​រស់នៅ ហើយ​បាន ស្វែងរក​ទិញ​ផ្ទះ​គ្រប់​កាលៈទេសៈ ខំប្រឹង​គ្រប់ មធ្យោបាយ​ដើម្បី​បាន​ផ្ទះ​មូ​យ​នៅ​ហ្នឹង​គេ ។ ពួក​គាត់​មិន​បាន​គិត​ថា មាន​កូ​វី​ដ ១៩ ឬ​គ្មាន ឡើយ ឱ្យ​តែ​មានឱកាស​សន្សំ​លុយ​បាន​ទុក​បង់​ឱ្យ​គេ គាត់​មក​ទិញ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ