តាអាចារ្យសង្ស័យករណីមួយ ក្រោយភ្លើងឆេះសាលាឆាន់ក្នុងវត្តព្រៃពួច
- កណ្តាល
ខេត្តកណ្ដាល ៖ អគ្គិភ័យបានឆាបឆេះអាសនៈតម្កល់ទៀនវស្សាមុខព្រះពុទ្ធបដិមានៅក្នុងសាលាឆាន់វត្តព្រៃពួច បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តនាំគ្នាពន្លត់ ប៉ុន្តែភ្លើងមិនបានរលត់ឡើយ រហូតមានការជួយអន្តរាគមន៍ពីសំណាក់កម្លាំងនគរបាលស្រុកអង្គស្នួលនាំយករថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញទៅជួយពន្លត់ ទើបភ្លើងរលត់ទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងវត្តព្រៃពួច ស្ថិតនៅក្នុងភូមិព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកតាអាចារ្យម្នាក់បាននិយាយថា អគ្គិភ័យដែលបានឆាបឆេះនេះបណ្ដាលមកពីភ្លើងទៀនវស្សាដែលអុជនៅលើអាសនៈមុខព្រះពុទ្ធបដិមានៅក្នុងសាលាឆាន់នោះ ដែលទៀននោះមាន២ដើមធំៗ និងត្រូវបានអុជជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃចូលវស្សារហូតមក ហើយកន្លងមកមិនដែលមានបញ្ហាអ្វីកើតឡើងឡើយ ។ ដោយឡែកនៅថ្ងៃកើតហេតុក្រោយពីព្រះសង្ឃឆាន់ចង្ហាន់ថ្ងៃត្រង់រួច មុននឹងចាកចេញពីសាលាឆាន់ទៅកាន់កុដិវិញព្រះសង្ឃបានពន្លត់រួចម្ដងហើយ ប៉ុន្តែក្រោយមកសង្ស័យក្មេងៗដែលជាកូនសិស្សលោកចូលទៅអុជបន្តទៀត ទើបបណ្ដាលឲ្យមានការឆាបឆេះបែបនេះតែម្ដង។

លោកតាអាចារ្យរូបនេះបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះមានអណ្ដាតភ្លើង និងផ្សែងហុយឃ្មួលខ្មាញ់ ហើយព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តបាននាំគ្នាដងទឹកជះពន្លត់ដែរ ប៉ុន្តែភ្លើងមិនបានរលត់ឡើយ រហូតដល់មានការអន្តរាគមន៍ពីនគរបាលនិងរថយន្តពន្លត់អគ្គិភ័យទើបរលត់ទៅវិញ ។ ប៉ុន្តែអាសនៈទៀនវស្សាត្រូវបានភ្លើងឆេះទាំងស្រុង ចំណែកព្រះពុទ្ធបដិមាចូលព្រះនិព្វន្ត១អង្គ រួមជាមួយផ្ទាំងគំនូរនៅលើពិតានសាលាឆាន់មួយចំនួនទៀតក៏រងការខូចខាតផងដែរ។ កុំតែសាលាឆាន់នេះសាងសង់ពីថ្មទេ បើសង់អំពីឈើវិញប្រហែលជាត្រូវភ្លើងឆេះក្លាយទៅជាផេះផង់បាត់ទៅហើយ៕ (កែសម្រួលដោយ ៖ ធីតា)








ចែករំលែកព័តមាននេះ