វត្ត«សុវណ្ណគង្គា»អាយុជាង១សតវត្សកំពុងស្ថិតក្នុងគម្រោងអភិវឌ្ឍន៍
- បាត់ដំបង
ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីបំភ្លេចបំផ្លាញស្ទើរបាត់ឈ្មោះពុទ្ធសាសនា នៅក្នុង
របប «ខ្មែរក្រហម» វត្តសុវណ្ណគង្គា ហៅ«វត្តឡ» ដែលមានវ័យចំណាស់បំផុត នៅក្នុងចំណោមវត្តចំណាស់ៗជាច្រើនទៀត ពេលនេះ កំពុងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ ដើម្បីប្រែក្លាយទីអារាមដ៏ចំណាស់មួយនេះឲ្យទៅជា «រមណីយដ្ឋានដ៏ស្រស់ស្អាតនិងស្ងប់ស្ងាត់បែបសាសនា» សម្រាប់ជាទីកន្លែងពុទ្ធបរិស័ទធ្វើសមាធិសិល៌។ នេះបើតាមសង្ឃដីកា ព្រះតេជគុណ ឈិត សុខអឿន គ្រូសូត្រស្ដាំគង់នៅក្នុងវត្តឡនេះ ដែលព្រះអង្គនិងពុទ្ធបរិស័ទបានផ្ដូចផ្ដើមគំនិតនេះឡើង។

វត្តសុវណ្ណគង្គា ហៅ វត្តឡ នេះស្ថិតនៅភាគខាងកើត និងមានចម្ងាយប្រហែលជាង២
គីឡូម៉ែត្រ ពីទីរួមស្រុកព្រះនេត្រព្រះ និងមានខ្លោងទ្វារចូលជាប់ផ្លូវជាតិលេខ៦ ឆ្ពោះទៅទិសខាងជើង តាមផ្លូវគ្រូសក្រហមប្រវែងជាង៧០០ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិស្នាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ដែលជាតំបន់សំបូរទៅដោយភ្នូរបុរាណ។ ព្រះតេជគុណ ឈិត សុខអឿន មានសង្ឃដីកាថា បើតាមប្រវត្តិ ដែលចាស់ទុំបានដំណាលតៗគ្នាថា វត្តសុវណ្ណគង្គា ហៅ «វត្តឡ» នេះ មានអាយុកាលជាង១សតវត្សមកហើយ។ វត្តនេះ បានបាត់បង់រូបភាពស្ទើរទាំងស្រុង នៅក្នុងសម័យខ្មែរក្រហម។ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ វត្តនេះ ក៏ចាប់ផ្ដើមងើបឡើងវិញយ៉ាងសង្សឹមៗ និងបានបង្ហាញរូបរាងពិតនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

បើតាម លោក រស់ ឆើង អាយុ៦០ឆ្នាំ ជាសមាជិកក្រុមគណៈកម្មការវត្តឡ បានឲ្យដឹងថា វត្តឡ ជាវត្តដ៏ចំណាស់មួយ តែលោកមិនបានដឹងពីប្រវត្តិពិតទេ។ ប៉ុន្តែលោកថា វត្តនេះបានចាប់ផ្ដើមសាងសង់ឡើងវិញជាបណ្ដើរៗ នៅក្នុងអំឡុងទសវត្សឆ្នាំ៩០ ក្រោយពីរលំរលាយដោយរបបខ្មែរក្រហម។ គាត់បានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០០៣ ព្រះវិហារដ៏ធំបានចាប់ផ្ដើមសាងសង់ រួមទាំងសមិទ្ធិផលដទៃទៀតផង ក្រោមការជួយឧបត្ថម្ភថវិការពីពុទ្ធបរិស័ទចំណុះជើងវត្ត និង សប្បុរសជននានានៅក្រៅប្រទេស ពិសេស សប្បុរសជន នៅសហរដ្ឋអាមេរិក ហើយពេលនេះព្រះវិហារ បានកសាងរួចរាល់ហើយ។

សមាជិកគណៈកម្មការវត្តឡ រូបនេះ បានលើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ «វត្តឡ» ហាក់មានការរីកចំរើនគួរឲ្យកត់សម្គាល់ បន្ទាប់ពីព្រះតេជគុណ
ឈិត សុខអឿន គ្រូសូត្រស្ដាំ មកគង់នៅគ្រប់គ្រង។ លោក រស់ ឆើង បានបញ្ជាក់ថា ចាប់តាំងពីព្រះអង្គ គង់នៅមើលការខុសត្រូវនៅក្នុងវត្ត ព្រះអង្គបានចាប់ផ្ដើមរៀបចំកែទម្រង់គ្រប់អ្វីៗទាំងអស់នៅក្នុងវត្ត។ ព្រះអង្គបានគៀងគរ និង ស្វែងរកការជួយឧបត្ថម្ភពីពុទ្ធបរិស័ទ និងសប្បុរសជននានា ដើម្បីជួយកសាងសមិទ្ធិផលនានា បន្ថែមទៀតនៅក្នុងវត្តដ៏ចំណាស់មួយនេះ ជាពិសេស ការកសាងកុដ្ឋិ សម្រាប់លោកគង់នៅ។

វត្តសុវណ្ណគង្គា ហៅ វត្តឡ មានផ្ទៃដីទំហំជាង២៦,៣៧០ម៉ែត្រការ៉េ និងមានអូរធម្មជាតិ ដែលមានទទឹងជាង២០ម៉ ហូរឆ្លងកាត់ចំកណ្ដាលវត្ត មានបរិវេណស្អាតល្អ ដែលមានអំណោយផលដ៏ល្អបំផុត សម្រាប់ការរៀបចំទីអារាមដ៏ចំណាស់មួយនេះ ឲ្យក្លាយជារមណីដ្ឋានដ៏ស្រស់ស្អាតបែបសាសនា។ បច្ចុប្បន្ន មានព្រះវិហារដ៏ធំ ដែលទើបសាងសង់ មានសាលាឆាន់ និង មានកុដិ តែមិនទាន់គ្រប់គ្រាន់ទេសម្រាប់ព្រះសង្ឃគង់នៅ។ ដោយឡែក នៅផ្នែកខាងជើង នៃបរិវេណវត្ត មានការសាងសង់របងបេតុងដ៏ធំហើយខ្ពស់ សម្រាប់តំកល់ធាតុមានប្រវែង១៨០ម៉ ដែលធ្វើជាកន្លែងឬថតតូចៗ សម្រាប់តំកល់ធាតុ មានចំនួន៣,០០០កន្លែង។ បើតាមពុទ្ធបរិស័ទថា « របងបេតុង ដែលធ្វើដូចកំផែងសម្រាប់តំកល់ធាតុនោះ គឺ ឧបត្ថម្ភដោយសប្បុរសជននៅសហរដ្ឋអាមេរិក»។

ព្រះតេជគុណ ឈិត សុខអឿន បានប្រាប់ថា ព្រះអង្គបានមន្តទៅគង់នៅវត្តឡនេះទើបបានជិត៥ខែប៉ុណ្ណោះ។ ដោយមើលឃើញកន្លែងគង់នៅរបស់ព្រះសង្ឃមានការខ្វះខាតដំបូងព្រះអង្គចាប់ផ្ដើមគៀងគរស្វែងរកបច្ច័យពីពុទ្ធបរិស័ទ និង ពីសប្បុរសជននានា ដើម្បីកសាងកុដិ ហើយរហូតមកដល់ពេលនេះ ព្រះអង្គរៀបចំកសាងកុដិបានចំនួន២ និង កសាងហេដ្ឋារចនាសម្ព័ននានានៅក្នុងវត្តបានមួយចំនួន និង កំពុងរៀបចំធ្វើស្ដូបធំល្មមមួយកន្លែង ដើម្បីតំកល់ធាតុបុរាណជាច្រើន (ឆ្អឹងសព) ដែលមានអាយុជាង២,០០០ឆ្នាំ ដែលគេជីករកឃើញ នៅក្បែរវត្តឡនោះ។

ព្រះអង្គ ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ដ៏ធំដុំមួយ នៅក្នុងវត្តសុវណ្ណគង្គា នាពេលខាងមុខនេះ ដែលព្រះអង្គមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា នឹងកសាង «វត្តឡ» នេះឲ្យក្លាយទៅជា «រមណីដ្ឋានដ៏ស្រស់ស្អាតបែបសាសនា ដែលជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទធ្វើសមាធិសិល៌»។ ព្រះអង្គ សុខអឿន បានបង្ហាញពីផែនការសាងសង់នេះថា សមិទ្ធផលដែលព្រះអង្គមានគម្រោងសាងសង់នាពេលខាងមុខនេះ មានដូចជា៖ កសាងស្ពានយោល១ខ្សែឆ្លងកាត់អូរនៅក្នុងបរិវេណវត្ត សាងសង់ខ្យូសនៅកណ្ដាលអូរ ដាំដើមឈើធ្វើជាសួនច្បារសម្រាប់សមាធិសិល៏ ធ្វើស្ដូបដាក់ធាតុបុរាណ ជួសជុលកុដិចាស់ៗ កសាងសាលាឆាន់ថ្មី កសាងសាលាបាលី និង កែលំអរហេដ្ឋារចនាសម្ព័ននានា នៅក្នុងវត្តទាំងមូល។ល។

ជាមួយគ្នានេះ ព្រះអង្បានបញ្ជាក់អំពីហេតុផលនៃគម្រោងនេះយ៉ាងដូច្នេះថា «ដោយមើលឃើញពីភាពភ្លើតភ្លើន ភ្លេចទំនៀមទំលាប់ភ្លេចសាសនារបស់មនុស្សមួយចំនួន។ ជាពិសេស ក្រុមយុវ័យដែលកំពុងវក់វីនឹងវប្បធម៌បរទេស លេងស្គាល់ខុសត្រូវ លេងស្គាល់គុណ និងទោស លេងស្ដាប់ការព្រៀនប្រដៅរបស់ឪពុកម្ដាយ ទើបព្រះអង្គ និង គណកម្មការវត្ត រួមទាំងពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេសផង បានផ្ដូចផ្ដើមគំនិតកសាងគម្រោងនេះឡើង ដើម្បីទុកជាទីកន្លែង សម្រាប់ពុទ្ធបរិស័ទ គ្រប់វ័យធ្វើសមាធិសិល៏ផង និង ជាកន្លែងសម្រាប់កំសាន្តតាមបែបសាសនាផង»។

ព្រះអង្គ ឈិត សុខអឿន បានបញ្ជាក់ដែរថា « ក្រោយពីគម្រោងនេះ ទទូលបានជោគជ័យ ព្រះអង្គនឹងមានការរៀបចំឲ្យមានកម្មវិធីដ៏ជាក់លាក់មួយដល់ពុទ្ធបរិស័ទ ដែលមានចិត្តជ្រះថ្លាចង់ចូលរួមធ្វើសមាធិ យ៉ាងហោចណាស់ក៏ធ្វើសមាធិ២ដងដែរ ក្នុង១ខែដែរ»។ ព្រះអង្គ បានបន្ថែមថា គម្រោងនេះ ហាក់មានការគាំទ្រពេញទំហឹងពីពុទ្ធបរិស័ទ អាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធផង។ ប៉ុន្តែទាមទាឲ្យមានការចូលរួមបន្ថែមទៀត ពីពុទ្ធបរិស័ទ និង សប្បុរសជននានា ទាំងកម្លាំងចិត្ត ទាំងថវិកា។

ព្រោះសប្ដាហ៍ក្រោយ ព្រះអង្គនិងគណៈកម្មការវត្ត រួមទាំងពុទ្ធបរិស័ទមួយចំនួនផង នឹងចាប់ផ្ដើមដំណើរការនូវគម្រោងខាងលើនេះជាបណ្ដើរៗ ហើយសង្ឃឹមថា ពុទ្ធបរិស័ទ និងសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស និងមានសទ្ធាជ្រះថ្លាចូលរួមលើកស្ទួយវិស័យសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋយើងទាំងអស់គ្នានេះ ជាមិនខាន៕


















ចែករំលែកព័តមាននេះ