ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា រដ្ឋធានីនៃតំបន់ស៊ីនជាំងបានប្រកាសចាក់សោក្រុង ក្រោយពីមានការផ្ទុះឡើងនូវករណីឆ្លងថ្មីកូវីដ១៩។
ទីក្រុង Urumqi បានរាយការណ៍ពីការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៦ករណី កាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនករណីសរុបត្រូវបានបញ្ជាក់ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន នៅក្នុងតំបន់រហូតដល់ ៤៧ករណី។
ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីនេះ អាជ្ញាធរបានប្រកាសថា ទីក្រុងនេះនឹងត្រូវចាក់សោ ជាមួយនឹងរាល់ការប្រមូលផ្តុំជាសាធារណៈ ត្រូវបានហាមឃាត់ ហើយអ្នកស្រុកបានលើកទឹកចិត្តឱ្យបន្តនៅក្នុងទីក្រុងមិនចេញទៅណា។ អ្នកដែលប៉ុនប៉ងផ្សងព្រេង ត្រូវឆ្លងកាត់ការធ្វើតេស្តរកកូវីដជាមុនសិន។ ស្ទើរតែរាល់ជើងហោះហើរចេញពីទីក្រុង ត្រូវបានលុបចោល។

ផ្សារទំនើប និងសណ្ឋាគារទាំងអស់ត្រូវបានបិទ ហើយអ្នករស់នៅភាគច្រើន ត្រូវតែនៅខាងក្នុងសហគមន៍លំនៅដ្ឋានរបស់ពួកគេ ខណៈដែលតម្រូវការប្រចាំថ្ងៃរបស់ពួកគេត្រូវបានចែកចាយដោយអាជ្ញាធរ។
ទន្ទឹមនឹងនេះដែរ មន្ត្រីបានចាប់ផ្តើមធ្វើតេស្តរកកូវីដ១៩ទូទាំងទីក្រុង ដោយចាប់ផ្តើមពីសហគមន៍ទាំងនោះ ដែលត្រូវបានគេកំណត់ថា មានហានិភ័យខ្ពស់ចំពោះការឆ្លងវីរុសនេះ។
ការធ្វើបែបនេះ គឺប្រហាក់ប្រហែលនឹងការដែលបានធ្វើកាលពីខែមុន ដោយទីក្រុងប៉េកាំង បន្ទាប់ពីទីក្រុងរដ្ឋធានីរបស់ប្រទេសចិនមានការផ្ទុះឡើងនូវករណីកូវីដម្តងទៀត។ នៅប៉ុន្មានសប្តាហ៍បន្ទាប់ ទីក្រុងប៉េកាំងបានធ្វើតេស្តរកកូវីដលើប្រជាជនចំនួន ១១លាននាក់។ មកដល់ពេលនេះ ប៉េកាំងមិនមានករណីឆ្លងថ្មីក្នុងសហគមន៍ បានរយៈពេល១៤ថ្ងៃហើយ៕ ដកស្រង់ចេញពីវេបសាយ ៖ shanghaiist (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ