រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ បានក្រើនរំលឹកដល់ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវចោទប្រកាន់ពីទោសក្បត់ជាតិ ថា «កុំឲ្យធ្វើសកម្មភាពហួសព្រំដែនកំណត់» ពីព្រោះលោកស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានក្រើនរំលឹកបែបនេះ បន្ទាប់ពីប៉ុន្មានថ្ងៃនេះលោក កឹម សុខា បានធ្វើដំណើរឆ្ងាយពីលំនៅដ្ឋានរបស់លោក ទៅកាន់ខេត្តសៀមរាប ខេត្តត្បូងឃ្មុំជាដើម។

តុលាការបានរំលឹកលោកថា «សកម្មភាពមួយចំនួន ជាពិសេស នៅតាមបណ្តាខេត្ត ដោយបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក៏ដូចជាការប្រមូលផ្តុំ ជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួន ក្រោមរូបភាពផ្សេងៗ អាចនឹងឈានទៅហួសព្រំដែន ឬនាំទៅដល់ការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យ តាមផ្លូវតុលការ ដែលត្រូវដាក់ជនជាប់ចោទ» ។

នៅក្នុងលិខិតមួយចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ និងចុះហត្ថលេខាដោយលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ បានប្រាប់លោក កឹម សុខា តាមសេចក្តីសម្រេចដីការបស់តុលាការកន្លងមក លោក កឹម សុខាដែលជាជនត្រូវជាប់ចោទជាប់កាតព្វកិច្ចជាក់លាក់មួយចំនួន ជាពិសេសមិនត្រូវសកម្មភាពនយោបាយឡើយ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងកណ្ដាលអធ្រាត្រ កាលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅឯគេហដ្ឋានរបស់លោក នៅម្ដុំខណ្ឌទួលគោក។ តុលាការបានចោទប្រកាន់លោក ថា ក្បត់ជាតិនិងឃុបឃិតជាមួយរដ្ឋបរទេស។ លោកបានជាប់ឃុំនៅមន្ទីរឃុំឃាំងត្រពាំងថ្លុង ក្នុងខេត្តត្បូងឃ្មុំហើយក្រោយមកតុលាការកែប្រែសេចក្តីសម្រេចដោយអនុញ្ញាតឲ្យលោក មកនៅស្នាក់ក្នុងផ្ទះ របស់ខ្លួន ដោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការជាមួយលក្ខខណ្ឌ មួយចំនួនដូចជាមិនត្រូវធ្វើសកម្មភាពនយោបាយជាដើមនោះ។
នៅពេលចុងក្រោយនេះលោកបានទទួលជួបជាឯកអគ្គរដ្ឋទូត រាជទូតប្រទេសច្រើនប្រចាំនៅកម្ពុជា នៅគេហដ្ឋានរបស់លោក មុនលោកចេញពីផ្ទះទៅទីសាធារណៈកាលពីប៉ុន្មានថ្ងៃមុននេះ ដែលនាំឲ្យតុលការក្រើនរំលឹកពីកាតព្វកិច្ចរបស់លោកនាពេលនេះ។
លោកកឹម សុខា តែងតែបដិសេធចំពោះការចោទប្រកាន់របស់តុលាការថាលោកក្បត់ជាតិនោះ។ ក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក បានបង្ហោះគ្រប់សកម្មភាពដែលលោកបានទទួលជួបភ្ញៀវនិងចេញទៅជាសាធារណៈនោះ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរថា «ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងអំណរព្រះគុណ និងអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះសង្ឃ និងបងប្អូនជនរួមជាតិមកពីរាជធានី ខេត្តមួយចំនួន ដែលកន្លងមកបាននិមន្ត និងអញ្ជើញមកសួរសុខទុក្ខខ្ញុំព្រះករុណា ខ្ញុំនៅគេហដ្ឋានផ្ទាល់ និងចំពោះព្រះសង្ឃ បងប្អូនដែល បានស្កាត់មកជួបសួរសុខទុក្ខ ដោយសម្តែងនូវមនោសញ្ចេតនានឹករលឹកក្រៃលែងចំពោះរូបខ្ញុំ នៅពេលដែលខ្ញុំធ្វើដំណើរទៅតាមបណ្តាខេត្តមួយចំនួននាពេលថ្មីៗនេះ ទោះបីមិនមានការជូនដំណឹង ឬផ្សព្វផ្សាយក៏ដោយ» ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ