ប្រទេសកូរ៉េខាងត្បូង ៖ កងទ័ពកូរ៉េខាងត្បូងអះអាងថា ប្រទេសរបស់ខ្លួនកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានបាញ់បង្ហោះផ្កាយរណបគមនាគមន៍យោធាដំបូង ទៅកាន់តារាវិថីចេញពីរដ្ឋផ្លរីដាអាមេរិក។ បែបនោះនាំឲ្យកូរ៉េខាងត្បូងក្លាយជាប្រទេសទី១០ លើពិភពលោក ដែលបញ្ជូនផ្កាយរណបគមនាកមន៍យោធាសុទ្ធសាធទៅកាន់តារាវិថី។

ផ្កាយរណបឈ្មោះ ANASIS-11 ត្រូវបានបាញ់បង្ហោះដោយកាំជ្រួច FALCON 9 BLOCK5 ផលិតដោយក្រុមហ៊ុនអវកាសអាមេរិក SPACEX។ ការបាញ់បង្ហោះចាប់ផ្ដើមនាវេលាម៉ោង ១៧និង៣០នាទីម៉ោងនៅអាមេរិក ចេញពីមជ្ឈមណ្ឌលអវកាសចនកេណ្ណឌី។ ក្រោយបំបែកចេញពីកាំជ្រួច ផ្កាយរណបនោះ អាចភ្ជាប់ការទាក់ទងជាមួយមជ្ឈមណ្ឌល អវកាសទូលូសបារាំង នាវេលាម៉ោង១៩និង១៩នាទី ។

កងទ័ពកូរ៉េខាងត្បូងនិយាយថា ផ្កាយរណបនេះត្រូវបំបែកចេញពីកាំជ្រួច ៣២នាទីក្រោយ ការបាញ់បង្ហោះ ពេលហោះបានកម្ពស់ជិត៦៣០គីឡូម៉ែត្រ ហើយសាកល្បងបញ្ជូនសញ្ញាដំបូងរបស់វា មកកាន់ផែនដី១៨នាទីក្រោយមក។

ការសិក្សាមួយរបស់ GLOBAL FIREPOWER បង្ហាញកាលពីថ្ងៃទី២១ ខែកក្កដាថា កូរ៉េខាងត្បូង ស្ថិតក្នុងចំណាត់ថ្នាក់ទី៦ នៃមហាអំណាចយោធាពិភពលោកក្នុងឆ្នាំ២០២០។ កម្លាំងយោធារបស់កូរ៉េខាងត្បូង ក្នុងចំណោមប្រទេស១៣៨មានអានុភាពចំណាត់ថ្នាក់ទី៦ នាំមុខទាំងបារាំងនិងអង់គ្លេសផង។

ដើម្បីវាយតម្លៃពីកម្លាំងយោធា GLOBAL FIREPOWERផ្អែកលើកត្តានានាដូចជា ចំនួនប្រជាជនចំនួនកងទាហាន គ្រឿងឧបករណ៍យោធា និងថវិកាការពារជាដើម ។ ប្រទេសកូរ៉េខាងជើងស្ថិតក្នុងចំណាច់ថ្នាក់ទី២៥។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានកម្លាំងយោធាខ្លាំងជាងគេ នាំមុខរុស្ស៊ី ចិន ឥណ្ឌានិងជប៉ុន៕ ដកស្រង់ចេញពីវេបសាយ ៖ yna (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ