ប្រជាពលរដ្ឋជួបវិបត្តិកូវីដ-១៩ ជាង៣ពាន់គ្រួសារបានទទួលអំណោយ
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន លោក ផាន់ ចាន់ធុល អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន រួមនឹងសហការី បានបន្តដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុក អ្នកស្ម័គ្រចិត្ត យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន យុវជន ស.ស.យ.ក. មូលដ្ឋានឃុំទាំង៨ ចុះចែកអំណោយជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាតសរុបចំនួន៣.៣៥៧គ្រួសារ ស្ថិតនៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយសម្រាលនូវការលំបាក ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩ ។

អំណោយខាងលើនេះ ជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានបន្តអំពាវនាវដល់ក្រុមគ្រួសារប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ ១៩ ដោយត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ កុំធ្វេសប្រហែស ត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗ ។

បើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមប្រញ៉ាប់ទូរស័ព្ទមកលេខ១១៥ ឬមកកាន់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ឬរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ដើម្បីបញ្ជូនទៅពិនិត្យ និងព្យាបាលជំងឺ ។ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគគេមកក្រុមគ្រួសារយើង កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន និងសូមស្តាប់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារចុះចែកអំណោយនៅភូមិប៉ាងរលឹម ភូមិអូរខ្ទីង ភូមិក្រចាប់លើ ភូមិភ្នំរាំង ភូមិក្រចាប់ ភូមិស្លេវ ភូមិភ្នំដំបង រីឯនៅរសៀលថ្ងៃដដែលក្រុមការងារចុះចែកអំណោយជូនប្រជាពលរដ្ឋ នៅភូមិព្រៃមង្គល ភូមិសួស្តី ភូមិអូរប្រើស ភូមិដីក្រហម ភូមិកូនភ្នំ ភូមិខ្លុង ភូមិអូរតាវ៉ៅ និងភូមិក្បាលព្រលាន ៕















ចែករំលែកព័តមាននេះ