ទំនាស់រឿងដីធ្លី បាញ់ជាង២០គ្រាប់ទប់ទល់កម្លាំងពលរដ្ឋដែលលើកគ្នាមកតទល់
- កំពង់ធំ
ខេត្តកំពង់ធំ ៖ ហេតុការណ៍ជម្លោះរវាងកម្លាំងចម្រុះរដ្ឋបាលព្រៃឈើខេត្តកំពង់ធំនិងកម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាប ជាមួយប្រជាពលរដ្ឋនៅតំបន់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ «អន្លង់ថ្ម» ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ រហូតមានការផ្ទុះអាវុធពីភាគីកងកម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ធំនិងកម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាប ចំនួន២២គ្រាប់ បាញ់គំរាមមកលើប្រជាពលរដ្ឋកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៤រសៀលនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នោះ ។

តាមប្រភពពីប្រជាពលរដ្ឋបានបន្តថា មុនពេលកើតហេតុ ពួកគាត់ឃើញកម្លាំងរដ្ឋបាលព្រៃឈើជាច្រើននាក់នៅកន្លែងដីតំបន់ស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើឡើងវិញ«អន្លង់ថ្ម» ហើយបានឃើញប្រជាពលរដ្ឋចំនួនពីរនាក់ដែលត្រូវកម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងកម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាប ចាប់វាយខ្នោះ បានបញ្ជាក់ថា ពេលគាត់ទាំងពីរនាក់ទៅដល់កន្លែងកើតហេតុខាងលើ ក៏ត្រូវបានកងកម្លាំងរដ្ឋបាលព្រៃឈើបាននិយាយថា ពួកគាត់នាំគ្នាមកតវ៉ាប្រឆាំង រារាំងការធ្វើការងាររបស់សមត្ថកិច្ចបន្ទាប់មកក៏ចាប់ពួកគាត់វាយខ្នោះ (ស្លាបសេក) ហើយនាំពួកគាត់ទាំងពីរទៅខាងក្រោយឡានឲ្យអង្គុយហើយប្រាប់ថាកុំឲ្យរើ ។

តាមប្រភពដដែលបានបន្តថា ស្រាប់តែពេលនោះ រូបគាត់ទាំងពីរនាក់ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើវាយចំគុម្ភត្រចៀកម្នាក់មួយដៃយ៉ាងដំណំ រួចនិយាយគំរាមហើយគំរាមទៀតថា ចាប់ដាក់គុក ថាហើយ រួចក៏រុញអ្នកទាំងពីរបញ្ចូលក្នុងឡាន អ្នកទាំងពីរបានបញ្ចាក់ច្បាស់ថា មន្ត្រីដែលវាយពួកលោកនោះគឺឈ្មោះ ហេង ទ្រី ជាមន្ត្រីជាប់កិច្ចសន្យារដ្ឋបាលព្រៃឈើ ។

តាមប្រភពដដែលបានបន្តថា មួយសន្ទុះក្រោយមកកម្លាំងសមត្ថកិច្ចក៏បន្តដឹកពួកគាត់ទាំងពីរនាក់ចេញពីតំបន់នោះ ។ ប្រជាពលរដ្ឋផ្សេងៗទៀតដែលឃើញហេតុការណ៍នេះ ក៏បានបបួលគ្នីគ្នាទៅសុំយកអ្នកទាំងពីរ ដែលកម្លាំងរដ្ឋបាលព្រៃឈើចាប់នោះមកវិញ តែសមត្ថកិច្ចមិនព្រមឲ្យ ហើយឈានដល់ប្រកែកគ្នាទៅវិញទៅមក ខណៈនោះកងកម្លាំងបានស្រែកទៅកាន់ក្រុមប្រជាពលរដ្ឋថា «តែហ៊ានចូលម្នាក់ប៉ាញ់ម្នាក់» ពេលនោះក្រុមប្រជាពលរដ្ឋនាំគ្នាមកកាន់តែច្រើនឡើងៗ ស្របពេលនោះក៏លឺសម្លេងផ្ទុះគ្រាប់កាំភ្លើងចំនួនពីរគ្រាប់ផ្ទួនៗគ្នានៅម៉ោងប្រហែលជា៤រសៀល ។

តាមប្រភពដដែលបានបន្តទៀតថា ពេលលឺសម្លេងផ្ទុះអាវុធយ៉ាងដូច្នេះ ធ្វើឲ្យក្រុមប្រជាពលរដ្ឋស្មានតែសមត្ថកិច្ចបាញ់ត្រូវមនុស្ស ហើយក៏បាននាំគ្នាចូលទៅកាន់តែច្រើនឡើងៗ ស្រាប់តែមានការផ្ទុះអាវុធជាបន្តបន្ទាប់រហូតដល់២២គ្រាប់ទើបឈប់ ធ្វើឲ្យពលរដ្ឋទុចដំណើរមិនហ៊ានចូលទៅទៀតដើម្បីសុវត្ថិភាពរបស់ពួកគាត់ ។

ជុំវិញករណីនេះ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ប្រាប់អ្នកសារព័ត៌មានថា ក្នុងហេតុការណ៍នេះដែរ មន្ត្រីរបស់លោកម្នាក់ត្រូវបានរងរបួសដោយសារក្រុមប្រជាពលរដ្ឋគប់នឹងពូថៅ ខណៈដែលមន្ត្រីរបស់លោកកំពុងនៅក្នុងរថយន្ត លោកបន្តថាចំពោះករណីផ្ទុះអាវុធនេះគឺមន្ត្រីរបស់លោកបាញ់ការពារខ្លួនបំបែកក្រុមប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋចេញមកពីចំការស្វាយចន្ទីរប្រដាប់ដោយកាំបិទ ពូថៅ និងដំបងច្រើនណាស់ ក្នុងហេតុការណ៍នេះ មិនធ្វើប្រជាពលរដ្ឋណាម្នាក់រងបួសឡើយ ។ ព័ត៌មានពិស្តារនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
















ចែករំលែកព័តមាននេះ