ខេត្តព្រះសីហនុ ៖ បុរសម្នាក់សង្ស័យបែកថ្នាំបានធ្វើសកម្មភាពយកសាំងដុតខ្លួនឯង បង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ ប៉ុន្តែទោះបីជាយ៉ាងណា ជនរងគ្រោះមានសភាពរលាករងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ កក្កដា ឆ្នាំ២០២០ នៅចំណុចមុខរោងចក្រញ៉ូវស្តា ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ

បុរសរងគ្រោះឈ្មោះ ជៀវ ម៉េងឆាយ ហៅលូ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

តាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះជាបុរសពោះម៉ាយជាង៥ឆ្នាំមកហើយ និងបានប្រើប្រាស់ថ្នាំញៀនហួសកម្រិត រហូតដល់បែកថ្នាំផងដែរ ។
តាមប្រភពដដែលបានបន្តថា ដោយសារប្រពន្ឋរត់ចោល បុរសរងគ្រោះរស់នៅជាមួយបងស្រីបង្កើតម្នាក់ ដែលមានមុខរបរជាអ្នកលក់បាយនៅមុខរោងចក្រញ៉ូវស្តា ។ បច្ចុប្បន្នបុរសរងគ្រោះពុំមានមុខរបរពិតប្រាកដនោះទេ ស្ទើជារៀងរាល់ថ្ងៃ គេតែងតែសង្កេតឃើញបុរសរងគ្រោះដើរនិយាយតែម្នាក់ឯង ។ មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៨ កក្កដា បុរសរងគ្រោះបានយកកូនកាំបិតចាក់ខ្លួនឯង បណ្តាលឱ្យរងរបួសហូរឈាមជោក ថែមទាំងបានស្រែកថា ចោរចូលផ្ទះរកផ្ចាច់ជីវិតខ្លួនទៀតផង ។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែបុរសរងគ្រោះយកសាំងដុតខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់រលាកពេញខ្លួនតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងជំនាញ និងក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទិរពេទ្យចំការចេក ក្រុងព្រះសីហនុ ៕
ចែករំលែកព័តមាននេះ