ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជួយ​​លោកយាយ​អាយុ​១១៥​ឆ្នាំផង​ ​បុរសណាថ្លើមពាសមេឃរំលោ.ភ​យកដីគាត់ភ្នែកស្រស់?

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ផ្ទះ​ទេវតា​ដែល​បាន​ផ្តល់​អំណោយ​ដោយ​សម្តេច​កិត្តិ​បណ្ឌិត ប៉ុន រ៉ា​នី ហ៊ុន សែន តាម​រយៈ​លោក លី ស៊ុ​យ…

ខេត្ត​សៀម​រា​ប ៖ ផ្ទះ​ទេវតា​ដែល​បាន​ផ្តល់​អំណោយ​ដោយ​សម្តេច​កិត្តិ​បណ្ឌិត ប៉ុន រ៉ា​នី ហ៊ុន សែន តាម​រយៈ​លោក លី ស៊ុ​យ និង​លោកស្រី ហូ ឡាំ​ខេ​ង បាន​ធ្វើ​ទុក​ជូន​លោកយាយ​អាយុ ១១៥​ឆ្នាំ និង​កូន​​ជា​ស្ត្រី​មេម៉ាយ​អាយុ​ជាង​៦០​ម្នាក់​ផង​នោះ បាន​អង្គុយ​អោប​រូបថត​អត្តសញ្ញាណ​ផ្ទះ​ទេវតា ដង្ហោយ​សុំ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ជួយ​អន្តរាគមន៍ ខណ​:​នៅ​សុខ​ៗ​មាន​បុគ្គល​ម្នាក់​ទៅ​សង់ផ្ទះ​លើ​ដី​របស់​គាត់ ហើយ​គ្មាន​នរណា​ម្នាក់​មក​ជួយ​រក​ខុស​ត្រូវ​ឱ្យ​គាត់​ឡើយ​។

បើ​តាម​សម្តី​របស់​ស្ត្រី​ម្នាក់វ័យ​ជាង​៦០​ឆ្នាំ ឈ្មោះ លួ​ន ថន ដែល​ត្រូវជា​កូន​ស្រី​បង្កើត​របស់​លោកយាយ​អាយុ​១១៥ ឈ្មោះ មឿ​ន អាន បាន​រៀបរាប់​ប្រាប់​ថា ដី​ដែល​ត្រូវ​គេ​រំលោភ​បំពាន​ទាំង​កម្រោល​នោះ មាន​ទំ​ហំ​២៤​ម៉ែត្រ​គុណ​និង​៤០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​រំចេក ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ជា​ប្រភេទ​ដីស្រែ​។ ហើយ​ដី​នោះ​ត្រូវ​បាន​ឈ្មោះ ដួង នី ភេទ​ប្រុស ជា​អ្នក​នៅ​ក្បែរ​គ្នា​ចូល​មក​រំលោភ​បំពាន​ដោយ​សង់ផ្ទះ​និង​បោះ បង្គោលរបង កាលពី​២​ឆ្នាំ​មុន​ក្នុង​អំឡុង (​ឆ្នាំ​២០១៨)​។ ក្នុង​ពេល​ភ្លាម​ៗ រូប​គាត់​បាន​ទៅ​សុំ​អន្តរាគមន៍ ពី​ថ្នាក់​ឃុំ​និង​ស្រុកដែរ​ តែ​មន្ត្រី​ទាំងនោះ​បាន​ឆ្លើយ​ថា ដី​របស់​លោក​យាយ​មានការ​ក្តីក្តាំ​គ្នា​ដល់​តុលា​ការ​ហើយ ​អញ្ចឹង​​ថ្នាក់​ឃុំ​និង​ស្រុក​មិន​អាច​ដោះស្រាយ​បាន​ទេ​។

ស្ត្រី​ឈ្មោះ​ លួ​ន​ថន ​ជា​កូនស្រី​បង្កើត​​របស់​លោក​យាយ​បាន​បន្ត​ថា តាម​ពិត​ ដី​របស់​គាត់ ពី​មុន​មាន​ទំនាស់​ជាមួយ​អ្នក​នៅ​ខេត្ត​ផ្សេង ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​គ្រួសារ​គាត់​ឈ្នះក្តី ព្រមទាំង​ប្រគល់​ដី​ឱ្យ​ពួក​គាត់​គ្រប់គ្រង​អាស្រ័យ​ផល តាំងពី​ឆ្នាំ​២០១៦​មក​ម្លេះ​។ តែ​ពេល​នេះ​អ្នក​ក្បែរ​ខាង​មក​រំលោភ​ដោយ​សង់ផ្ទះ​នៅ​លើ​ដី​ចុងឆ្នាំ​២០១៨ ថ្មី​ៗ​នេះឯង​។ ក្រៅពី​មិន​ដោះស្រាយ កាល​ថ្ងៃ​ទី​២៩ ​ខែមិថុនា ​ឆ្នាំ​២០២០ មន្ត្រី​ស្រុក​ឈ្មោះ សាត ពៅ បាន​ទៅ​វាស់ដី​គាត់ ហើយ​តម្រូវ​ឱ្យ​ផ្តិត​មេដៃ​ប្រគល់​ដី​នោះ​ឱ្យទៅ​គេដែរ​ តែ​រូប​គាត់​មិន​យល់ព្រម​ ។ ​លុះ​ថ្ងៃ ទី​១​ខែកក្កដា​នេះ មន្ត្រី​ឈ្មោះ សាត ពៅ បាន​ទៅ​ប្រគល់​ដី​របស់​គាត់​២៤​ម៉ែត្រ គុណ​៤០០​ម៉ែត្រ​ឱ្យទៅ​ឈ្មោះ ដួង នី ដែល​ជា​អ្នក​ជិតខាង​សង់ផ្ទះ​លើ​ដី​របស់​គាត់​ថែម​ទៀត​តែ​ម្តង​។

ស្ត្រី​ឈ្មោះ លួ​ន ថន បាន​រៀបរាប់​ប្រាប់​បន្ត​ថា ដោយ​ឃើញ​មន្ត្រី​ប្រើ​អំណាច ដោយ​យក​ដី របស់​គាត់​ទៅ​ប្រគល់​ឱ្យ​គេ​នោះ ទើប​រូប​គាត់​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​គណ​:​កម្ម​ការ​សម្របសម្រួល​ឃុំ​ស្វាយ​លើ នា​ថ្ងៃ​ទី​៣​ខែកក្កដា​ឆ្នាំ ២០២០ នេះ​។

ចំណែក​លោកយាយ មឿង អាន អាយុ​១១៥​ឆ្នាំ រួម​ទាំង​កូនស្រី​មេម៉ាយ​វ័យ​ជាង​៦០​ឆ្នាំ បាន​អង្គុយ​អោប​រូបថត​អត្ត​សញ្ញាណ​តំណាង​ផ្ទះ​ទេវតា ដែល​ផ្តល់​ឱ្យ​ដោយ​សម្តេច​កិត្តិ​បណ្ឌិត ប៉ុន រ៉ា​នី ហ៊ុន​សែន បាន​រៀបរាប់​ប្រាប់​ថា ដី​កេ​ររបស់​លោកយាយ​នេះ​តាំងពី​ដូនតា​មក​ម្ល៉េះ ហើយ​ចាប់ផ្តើម​មាន​ទំនាស់​នៅ​មុន​ឆ្នាំ​២០១០​ តាំងពី​រូប​គាត់​អាយុ​១០៤​ឆ្នាំ​នោះ​។

គួរ​បញ្ជាក់​ថា លុះ​ព័​ត៍​មានបាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ នៅ​ដើមឆ្នាំ​២០១២ សម្តេច​កិ​តិ្ត​ព្រឹទ្ធិបណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន បានឱ្យ​អតីត​លោក សូ ភិ​រិ​ន្ទ អភិបាលខេត្ត ចុះ​មក​ដោះ ស្រាយ​បញ្ចប់ ហើយ​ប្រទាន​ផ្ទះ​ទេវតា​មួយ​ខ្នង​ដល់គ្រួសារ​គាត់​ទៀត​។​ ក្នុង​ពេល​ប្រគល់​ផ្ទះ​ទេវតា​ ក៏​​មាន​វត្តមាន​លោក​ជំទាវ ហ៊ុន ម៉ា​ណា បាន​ចុះ​មកប្រគល់​​ផ្ទាល់​ ដោយមាន​​ថតរូប និង​ផ្ទះ​ទុក​ជា​អនុស្សាវរីយ៍ រហូត​មក​ទល់​ពេល​នេះ​។

នៅ​ឆ្នាំ​២០១៦ តុលាការ​ខេត្តសៀមរាប បាន​មក​ប្រកាស​ឱ្យ​គ្រួសារ​គាត់​ឈ្នះក្តី ហើយ​ប្រគល់​ដី​នេះ​ឱ្យ លោកយាយ​និង កូនស្រី ជា​អ្នកកាន់កាប់​អាស្រ័យ​ផល​រហូត​មក​ដល់​បច្ចុប្បន្ន​។ តែ​ពេល​នេះ នៅ​សុខ​ៗស្រាប់តែ​​ឈ្មោះ ដួង នី មក​ធ្វើ​ផ្ទះ​លើ​ដី​របស់​គាត់ មិនតែប៉ុណ្ណោះ មាន មន្ត្រី ស្រុក​ស្វាយ​លើ​ម្នាក់ ឈ្មោះ សាត ពៅ មក​ប្រគល់​ដី​នោះ​ឱ្យ​គេ ទាំង​គ្រួសារ​គាត់​មិន​បាន​ព្រមព្រៀង រួច​គំរាមកំហែង​ឱ្យ​ពួក​គាត់​ដើរ​ប្តឹង​ទៀត​ផង​។​ មិនដឹង​ថា មន្ត្រី​ខាងលើ​នេះ ទទួល​បាន​ផល​អ្វី​នោះ​ទេ ព្រោះ​គេ​ឃើញ​គ្រួសារ​គាត់ សុទ្ធតែ​ស្រី​ៗ​ហើយ វ័យ​ចំណាស់ ថែម​ទៀត​ផង​។ ព័ត៌មានពិស្តារនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ