ខេត្តកំពង់ធំ ៖ មានករណីផ្ទះ១ខ្នងសង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារមានទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ និងរោងសិប្បកម្មមួយទៀតមានទំហំ៨ម៉ែត្រគុណនឹង២០ម៉ែត្រ ត្រូវអគ្គិភ័យឆាបឆេះ បណ្តាលឱ្យរងការខូចខាតទាំងស្រុង កាលពីវេលាម៉ោង៣និង៣០នាទីឈានព្រឹកថ្ងៃទី១៨ កក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។ ពាក់ព័ន្ធនឹងករណីនេះ មូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ម្ចាស់ផ្ទះនិងរោងសិប្បកម្មខាងលើឈ្មោះ ចេង សារឿន ភេទប្រុស អាយុ៥០ឆ្នាំ មានប្រពន្ធឈ្មោះ សុខ សាន អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។

ក្នុងហេតុការណ៍ខាងលើ បណ្តាលឱ្យរងការខូចខាតរួមមាន ផ្ទះ១ខ្នង និងឆេះរោងសិប្បកម្ម១ខ្នង ម៉ូតូ១គ្រឿង ម៉ាស៊ីនច្រៀកឈើចំនួន៥គ្រឿង ឈើធ្វើផ្ទះចំនួន៥ម៉ែត្រគូប និងសម្ភារមួយចំនួនទៀតត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ។

នៅពេលមានហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះ និងរោងសិប្បកម្មខាងលើកើតឡើង ត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៏ និងស្រុកសន្ទុកបានចុះមកជួយអន្តរាគមន៍ចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៥រថយន្ត ស្មើនឹង២០ម៉ែត្រគូប ទើបភ្លើងរលត់ទៅវិញទាំងស្រុង មិនឱ្យបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ