ខេត្តសៀមរាប ៖ ផ្សារបន្លែសុវត្ថិភាពគ្មានជាតិគីមី សម្រាប់ម្ហូបអាហារនៅខេត្តសៀមរាប កំពុងតែមានការចាប់អារម្មណណ៍ពីសំណាក់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរខេត្តផងដែរ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាមក ទិញបន្លែធម្មជាតិរបស់បងប្អូនប្រជាសហគមន៍ជាច្រើនស្រុក ដែលបានដាក់តាំងលក់នៅខាងមុខ ឆៀងខាងកើតនែសួនច្បារមហាសណ្ឋាគារក្រុងសៀមរាប។

ជាមួយគ្នានេះ លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ដោយមានការឯកភាព និងគាំទ្រពីអាជ្ញាធរខេត្ត មន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ ក្នុងគោលបំណង ដើម្បីជួយជំរុញទីផ្សារបន្លែសុវត្ថិភាពរបស់សហគមន៍ បងប្អូននៅតាមស្រុកមួយចំនួនក្នុងខេត្តសៀមរាបនេះ ឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

លោក បានបន្តទៀតថា បច្ចុប្បន្នខាងសហគមន៍បន្លែសុវត្ថិភាពមកពីស្រុកចំនួន៦ គឺស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក ដែលមានបន្លែធម្មជាតិជាច្រើនមុខ និងស្តង់សម្រាប់ដាក់លក់នៅទីលានហាត់ប្រាណ ក្នុងសួនច្បារនៃមហាសណ្ឋាគារនេះ ជារួមសរុបចំនួនស្តង់មាន១១ស្តង់ហើយៗ ខែក្រោយៗ អាចបន្ថែមចំនួន៥ស្តង់ទៀតសម្រាប់ការដាក់លក់បន្លែទាំងនោះ រហូតដល់ឆ្នាំក្រោយអាជ្ញាធរ ពាក់ព័ន្ធគ្រោងនឹងបង្កើតស្តង់សម្រាប់បងប្អូនសហគមន៍លក់នៅពេលល្ងាចៗ ដូចជាលក់ផ្លែឈើ គ្រប់ប្រភេទជាដើម បន្ទាប់ពីជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ទៅវិញ។

ឥឡូវយើងលក់បន្លែសុវត្ថិភាព បានតែពេលព្រឹកប៉ុណ្ណោះ គឺចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់។ តាមប្រជាពលរដ្ឋ និងអាជីវករនៅទីនោះ បានឲ្យដឹងថា ផ្សារបន្លែសុវត្ថិភាពនេះ ខាងសគមន៍បន្លែបើកលក់បានតែ ២ថ្ងៃក្នុងមួយអាទិត្យ គឺយើងលក់នៅថ្ងៃសៅរ៏ និងថ្ងៃអាទិត្យ ក្រៅពីនោះគឺយើងលក់នៅតាមផ្សារ នានាផងដែរ។ ចំពោះបន្លែធម្មជាតិនេះ នៅពេលដែលយើងបានដាំដុះវាដោយគ្រាន់តែប្រើជីធ្វើពី ធម្មជាតិ ដែលគេហៅថា ជីកំប៉ុស្តិ៍ធ្វើពីរុក្ខជាតិតូចៗ និងអាចម៌គោ អាចម៌មាន់។ល។ យើងមិនបាន ប្រើប្រាស់ជីសារធាតុគីមីឡើយ។

អាជីករលក់បន្លែធម្មជាតិម្នាក់ បានបញ្ជាក់ទៀតថា ចំពោះតម្លៃបន្លែសុវត្ថិភាពសម្រាប់លក់នាពេលនេះវាមិនថ្លៃជាងតម្លៃលក់នៅតាមទីផ្សារនានានោះទេ គឺតម្លៃសមរម្យបំផុតសម្រាប់បងប្អូនប្រជាបពលរដ្ឋយើង។ គួររំលឹកថា រយៈកាលកន្លងមក គេសង្កេតឃើញថ្នាក់ដឹកនាំខេត្តសៀមរាប លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង លោកជំទាវ ដែលលោកតែងតែអញ្ជើញចុះជួបជាមួយបងប្អូនអាជីវករលក់ដូរនៅផ្សារបន្លែសុវត្ថិភាព នឹងជួយគាំទ្រផលិទ្ធផលក្នុងស្រុកស្ទើរតែជារៀងរាល់ចុងសប្តាហ៍ទៀតផង៕ ដោយ ៖ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ