ខេត្តស្វាយរៀង ៖ ប្រជាកសិករចំនួន៣៣.០១២គ្រួសារ រស់នៅក្នុងភូមិចំនួន២០៤ ភូមិក្នុងឃុំចំនួន១៦ នៃស្រុករមាសហែក រីករាយយ៉ាងខ្លាំង ដោយរយៈពេលដើមរដូវវស្សានេះពួកគាត់ប្រកបមុខរបរកសិកម្មបានល្អប្រសើរ ដោយមានអំណោយផលពីធម្មជាតិមានទឹកភ្លៀងធ្លាក់រាយបាយគ្រប់គ្រាន់ តាមបណ្តាភូមិនានាធ្វើឲ្យផលដំណាំ ស្រូវ ពោត និងបន្លែបង្កា ដំណាំរួមផ្សំ ព្រមទាំងដំណាំ អំពៅ ស្វាយចន្ទី ទទួលផលបានល្អ ចំណែកក្រុមហ៊ុនចំការអំពៅស្ក និងចំការកៅស៊ូ ដែលជាដំណាំកសិឧស្សាហកម្មក៏ទទួលបានផលល្អដែរ ។

បើតាមលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ កក្កដា២០២០នេះ ប្រជាកសិករអនុវត្តដំណាំស្រូវរដូវវស្សាភ្ជួរដាស់ដីសរុប៣០,០០៥ហិកតា លើកផែនការ៣២,១០០ហិកតា ។ ក្នុងនោះស្រូវពង្រោះ ២៨,៤៥២ហិកតា ស្រូវស្រាល ១,៥៧០ហិកតា ស្រូវកណ្តាល២៥,៨៨៤ហិកតា ស្រូវធ្ងន់៩៩៨ហិកតា ។

ដំណាំរួមផ្សំ និងដំណាំកសិឧស្សាហកម្ម មាន៥,០០៥ហិកតា ក្នុងនោះបន្លែគ្រប់មុខ៣៨៧ហិកតា ដំឡូងមី២,២១១ហិកតា ស្វាយចន្ទី ដំណាំអំពៅ និងដំណាំកៅស៊ូមាន២,៤០៧ហិកតា ។

លោកស៊ូម៉ុលបន្តទៀតថា ទោសបីពិភពលោកក៏ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការឆ្លងជម្ងឺកូវីដ-១៩ នៅស្រុករមាសហែកគ្មានអ្នកឆ្លងជម្ងឺកូវីដ-១៩ ទេ ដោយរដ្ឋបាលខេត្តស្វាយរៀងបានអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបង្កើតក្រុមការងារប្រយុទ្ធ និងទប់ស្កាត់ជម្ងឺកូវីដ-១៩ បានរៀបចំបង្កើតគោលដៅចត្តាឡីស័ក កម្រិត២ មានទីតាំងនៅក្នុងសាលបឋមសិក្សាអណ្តូងត្របែក ឃុំអណ្តូងត្របែកនោះរដ្ឋបាលស្រុករមាសហែកក៏បានរៀបចំចត្តាឡីស័កតាមគោលដៅចំនួន០៥គោលដៅ សម្រាប់ត្រួតពិនិត្យសុខភាពពលករ ចំណាកស្រុក ក្នុងនិងក្រៅប្រទេសតាមច្រក ព្រំប្រទល់ស្រុក ដែលពួកគាត់វិលត្រឡប់មកស្រុកកំណើតវិញ និងបានរៀបចំចត្តាឡីស័កបន្តរបស់ថ្នាក់ស្រុក ដោយជ្រើរើសយកតាមសាលារៀន នៅតាមបណ្តាឃុំ ចំនួន១៥គោលដៅ បន្ថែមទៀត ។

លោកបន្តទៀតថា ពលករចំណាកស្រុកក្នុងប្រទេសវិលត្រឡប់មកស្រុកកំណើតវិញសរុប១,១៥៥នាក់ស្រី៥៣៧នាក់ ។ ក្នុងនោះកម្មករធ្វើការរោងចក្រចំនួន៤៣៦នាក់ ស្រី២៩៤នាក់ ។ ពលករចំណាកស្រុកក្រៅប្រទេសវិលមកស្រុកកំណើតវិញសរុប១,២៧៦នាក់ស្រី៤១៩ នាក់។ ក្នុងនោះមកពីប្រទេសថៃ ចំនួន១,២៣៤នាក់ស្រី៤០៣នាក់។ប្រទេសកូរ៉េ ចំនួន៣៧នាក់ស្រី១០នាក់ ប្រទេសជប៉ុន២នាក់ស្រី មកពីប្រទេសវៀតណាម៣នាក់ស្រី។

លោកស៊ូម៉ុលបន្តទៀតថា ពលករទាំងអស់ គឺបានធ្វើចត្តាឡីស័កដាក់ដោយឡែក រយៈពេល១៤ថ្ងៃ ដោយមានថ្នាក់ដឹកនាំបានចុះសួរសុខទុក្ខ និងឧបត្ថម្ភៈសម្ភារៈ (ដូចជា ម៉ាស់ អាកុល ជែល សាប៊ូលាងដៃ អង្ករ មី) និងថវិកាក្នុងការដោះស្រាយការហូបចុកប្រចាំថ្ងៃ ។ និងគ្រួសារខ្លះស្មគ្រ័ចិត្តដាក់ខ្លួននៅដោយឡែកតាមផ្ទះផងដែរ ។
បច្ចុប្បន្នកំពុងធ្វើចត្តាឡីសក័ពលករត្រឡប់មកពីក្រៅប្រទេសចំនួន២៣នាក់ ស្រី១១នាក់ ។ ហើយក្នុងអំឡុងពេលកូវីដ-១៩នេះ ប្រជាពលករដែលចំណាកស្រុកត្រឡប់មកផ្ទះវិញបានជួយក្រុមគ្រួសារប្រកបមុខរបរកសិកម្ម ដើម្បីផ្គត់ផ្គង់ជីវភាព ៕
ចែករំលែកព័តមាននេះ