ខេត្តស្ទឹងត្រែង ៖ រថយន្តស៊េរីទំនើបចំនួន៧គ្រឿង ត្រូវបានរឹបអូសដោយកម្លាំងកងរាជអាវុធហត្ថបន្ទាប់ត្រួតពិនិត្យពាក់ស្លាក់លេខកងទ័ព ដែលមិនមែនជាបន្ទុករបស់រដ្ឋ និងគ្មានឯកសារគ្រប់គ្រាន់ច្បាស់លាស់។ក្រោយការបង្ក្រាបដកហូតកម្លាំងកងរាជអាវុធហត្ថបាននាំមករក្សានៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។

នាព្រឹកថ្ងៃទី១៨ កក្កដា រថយន្តទាំង៧គ្រឿងខាងលើកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្រគល់ជូនគយនិងរដ្ឋ។ គួរបញ្ជាក់ថាក្នុងប្រតិបត្តិការចុះត្រួតពិនិត្យរថយន្តពាក់ស្លាក់លេខកងទ័ពដោយមានការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបើកកិច្ចប្រតិបត្តិការត្រួតពិនិត្យលើយានយន្តពាក់ស្លាកលេខ ខ.មក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
ក្រោយពីបានអនុវត្តបទបញ្ជានិងបានបង្ក្រាបរថយន្តពាក់ស្លាកលេខកងទ័ពដែលមិនមែនជាបន្ទុករបស់រដ្ឋកម្លាំងកងរាជអាវុធហត្ថបានរកឃើញថារថយន្តទាំងនោះជាប្រភេទរថយន្តចង្កូតស្តាំគ្មានឯកសារពាក់ព័ន្ធនាំចូលបង់ពន្ធឡើយ។រថយន្តទាំងនោះត្រូវបានរកឃើញមាន៣បទល្មើសទី១ជាប្រភេទរថយន្តចង្កូតស្តាំដែលត្រូវហាមឃាត់មិនអោយនាំចូកប្រទេសកម្ពុជាទី២.រថយន្តអត់បង់ពន្ធចូលរដ្ឋទី៣.ក្លែងស្លាក់លេខកងទ័ព។

លោក ព្រាប គារ៉ាត់ ប្រធានការិយាល័យតំបន់៦នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសគយបានប្រាប់អ្នកសារព័ត៌មានថារថយន្តទាំងអស់ដែលកម្លាំងកងរាជ
អាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបបានហើយគយទទួលយកគឺជាប្រភេទរថយន្តពាក់ស្លាកលេខក្លែងក្លាយដែលមិនមែនជាបន្ទុករបស់រដ្ឋនិងជារថយន្តអត់ពន្ធនាំចូល។
លោកបញ្ជាក់ថារថយន្តចង្កូតស្ដាំត្រូវបានប្រមុខរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យនាំចូលក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ។
បើសិនជាឃើញរថយន្តប្រភេទចង្កូតស្ដាំស៊េរីទំនើបត្រូវតែបង្ក្រាប។លោកបន្ថែមថាខាងគយរបស់លោកទទួលទិសតំបន់៦បានទទួលយករថយន្តអត់បង់ពន្ធជាង ១០ គ្រឿងពីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនេះគឺជាលើកទី២ហើយដែលកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្រគល់រថយន្តចំនួន៧ គ្រឿងបន្ថែមទៀតមកឱ្យគយដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។ជាចុងក្រោយលោកព្រាប គារ៉ាត់ក៏បានកោតសរសើរនិងថ្លែងអំណរអរគុណដល់កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដែលបានបម្រើការងារនៅផ្នែកកងទ័ពនិងបានបង្ក្រាបរថយន្តអត់ពន្ធប្រើស្លាកលេខក្លែងក្លាយកងទ័ពប្រគល់មកឲ្យនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសគយ៕
ចែករំលែកព័តមាននេះ