ខេត្តកំពង់ស្ពឺ ៖ ពិតជាព្រហើនមែន រឿងដឹកឈើខុសច្បាប់នេះ ខណ:សមត្ថកិច្ចទើបបង្ក្រាបឈើនៅចម្ការស្វាយចន្ទី មិនទាន់ចប់ស្រួលបួលផង ស្រាប់តែថៅកែឈើដែលពាក់ស្បែកខ្លា មានឥទ្ធិពលប្រចាំស្រុកឱរ៉ាល់រូបនោះ បានបញ្ជាកូនចៅឲ្យយកឡានទៅដឹកឈើចេញពីជាំយ៉ាងគឃ្លើន តែចុងក្រោយ គេចមិនរួចពីកណ្ដាប់ដៃរបស់សមត្ថកិច្ចដដែល។ លើកនេះ ទំនងជាប្រហែលគេចមិនរួចនោះទេ ព្រោះតាមរយៈចម្លើយសារភាពរបស់តៃកុងរថយន្តដែលសមត្ថកិច្ចឃាត់ខ្លួននេះ បានរៀបរាប់ប្រាប់សមត្ថកិច្ចអស់ហើយថាឈើ និងឡានជារបស់អ្នកណា ។

ការបង្ក្រាបនេះ ធ្វើឡើងនៅយប់ថ្ងៃទី១៧ កក្កដា វេលាម៉ោង ១៩:១០ នាទីនៅចំណុចលើផ្លូវលំក្រួសក្រហម ចូលភូមិយ៉ាងពីស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។ប្រភពបានឱ្យដឹងថា កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ឯកប៊ុត ប៊ុនធឿន អធិការ បានធ្វើការឃាត់រថយន្តដឹកឈើខុសច្បាប់ ០១ គ្រឿងម៉ាក HYUNDAI ចំណុះ ៥ តោនពណ៌ស ឆ្នូតខៀវ ពាក់ស្លាក លេខ ពោធិសាត់ 3A.0180 ។
ក្រោយឃាត់់់សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យនៅលើរថយន្ដមានផ្ទុកឈើជ្រុងប្រភេទធ្នង់ (មិនទាន់ដឹងចំនួន) និងបានឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ឈ្មោះ អុី ផារី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រីងកោង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ដកំពុងស្ពឺ។បន្ទាប់ពីបានសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនជាអ្នកស៊ីឈ្នួលបើកឡានដឹកឈើអោយឈ្មោះ ឆេង ធឿន ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅផ្សារកន្ទួត ឃុំសង្កែរសាទបស្រុកឱរ៉ាល់ ។

តៃកុងឡានដែលសមត្ថកិច្ចឃាត់ខ្លួនបានឆ្លើយសារភាពថា ហើយរថយន្តដែលខ្លួនបើកជារថយន្តរបស់ឈ្មោះជឿង ថេង ជាមន្ត្រីយោធានៅភូមិភាគ 3 ពាក់ស័ក្តិ៤កន្លះ។តៃកុងឡានដដែលបន្តថាកាលពីវេលាម៉ោង៩ព្រឹកខ្លួនបានទៅបើករថយន្តនេះពីផ្ទះជឿង ថេង នៅភូមិគោកឃុំសង្កែសាទប(ជាទីតាំងដែលសមត្ថកិច្ចធ្លាប់បានធ្វើការបង្ក្រាបនាពេលកន្លងមក)ពេលទៅដល់ផ្ទះឈ្មោះជឿងថេងខ្លួនបានបើករថយន្តសំដៅទៅភូមិជាំឃុំតាសាល ស្រុកឱរ៉ាល់់ ដើម្បីឱ្យកម្មករលើកឈើដាក់លើរថយន្ព ពេលលើកឈើដាក់រួចហើយខ្លួនជាមួយឈ្មោះ ហៀ ភេទប្រុស នៅភូមិទួលឈើនាង ឃុំសង្កែសាទប បានបើករថយន្តចេញពីភូមិជាំត្រឡប់មកដល់ផ្លូវលំចេញពីភូមិយ៉ាងពីសឃុំសង្កែសាទប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់បានបញ្ជាក់ប្រាប់ថាក្រោយពីឃាត់ខ្លួនតៃកុងនិងរថយន្ដដឹកឈើបានហើយសមត្ងកិច្វយើងបានយកមករក្សាទុកជាបណ្ដោះសន្ននៅ អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីធ្វើការសាកសួរនិងចងក្រងសំណុំរឿងតាមនីតិវិធី ។
មានការលើកឡើងផងដែរថា ឈ្មោះជឿង ថេង នេះ ពិតជាព្រហើនមែនទែនដែលសមត្ថកិច្ចទើបតែធ្វើការបង្ក្រាបឈើរបស់ខ្លួនបានជាបន្តបន្ទាប់និងកំពុងចងក្រងឯកសារបញ្ជូនទៅថ្នាក់លើដើម្បីចាត់ការតាមផ្លូវច្បាប់ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍បំផុតនោះគឺឈ្មោះជឿងថេងនេះនៅតែគឃ្លើនដឹកឈើដោយគ្មានខ្លាចរអាច្បាប់បន្តិចណាទាល់តែសោះ។ការដែលឈ្មោះជឿងថេងនេះចេះតែហ៊ានដឹកឈើខុសច្បាប់ទំនងអ្នកមានអំណាចចាំជួយពីក្រោយខ្នងទើបបានជាចេះតែប្រព្រឹត្តម្ដងហើយម្ដងទៀត។

អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺនៅពេលដែលគាត់មានរឿងឈើបណ្ដាលឲ្យបាក់ស្ពាននៅខេត្តកំពតត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការដាក់ពន្ធនាគារតែឈ្មោះនេះមានសំណាងបានរួចផុតពីពន្ធនាគារមកវិញក្នុងរយៈពេលខ្លីបំផុត ហើយបានបន្តសកម្មភាពដឹកឈើខុសច្បាប់របស់ខ្លួនជាថ្មីហើយត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការឡោមព័ទ្ធផ្ទះរបស់គាត់នៅចំណុចភូមិគោក ឃុំសង្កែទប ដោយឃាត់ខ្លួនដាក់ពន្ធនាគារជាលើកទី 2។
មហាជនឆ្ងល់ថា ហេតុអ្វីគាត់ប្រព្រឹត្តល្មើសម្ដងជាពីរដងហើយនៅតែអាចរក្សាក្របខណ្ឌយោធាបានដដែល ហើយឡើងស័ក្តិលើសមុនទៀត។ មជ្ឈដ្ឋានមហាជនរង់ចាំមើលថាតើលើកនេះទៀត បុគ្គលឈ្មោះជឿង ថេង មានសំណាងគេចផុតពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចដែរឬយ៉ាងណា? ខណៈដែលចម្លើយសារភាពរបស់តៃកុងឡានឆ្លើយបញ្ជាក់យ៉ាងច្បាស់បែបនេះទៅហើយនោះ។
ព័ត៌មានបន្ថែមមានផ្សាយជូននៅកាសែតកោះសន្តិភាព ។


ចែករំលែកព័តមាននេះ