ខេត្តស្វាយរៀង ៖ លោក សួស សារិទ្ធ អភិបាលរងស្រុកចន្ទ្រាបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក មន្ត្រីសាលាស្រុក កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំព្រៃគគីរ និងឃុំច្រេសសហការជាមួយលោកនូ សារី នាយរងខណ្ឌរដ្ឋបាលជលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះបានចុះចាប់ឃាត់ខ្លួនមុខសញ្ញានេសាទត្រីខុសច្បាប់នៅទំនប់អាងទឹកដូនទយ ស្ថិតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា និងឃាត់មុខសញ្ញាមានប្រុសស្រីចំនួន០៦នាក់ និងសម្ភារមួយចំនួនប្រគល់ជូនជំនាញរដ្ឋបាលជលផលខេត្តស្វាយរៀងដើម្បីដោះស្រាយតាមច្បាប់។

បើតាមសមត្ថកិច្ចជំនាញបានឱ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង០៦នាក់ មានទី១- ឈ្មោះ រាជ ភារម្យ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាប៉ោ ឃុំសំឡីស្រុកកំពង់រោទិ៍, ទី២- ឈ្មោះចាប ម៉ូ ភេទប្រុស អាយុ៥៣ឆ្នាំរស់នៅភូមិព្រៃអង្គុញសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។ ទី៣- ឈ្មោះ ពៅ សុផា ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ។ ទី៤- មានឈ្មោះ ថន សាម៉េត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា។ ទី៥-ឈ្មោះ រាម រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទិ៍ និងទី៦-ឈ្មោះ រាម រី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសំឡីឃុំសំឡី ស្រុកកំពង់រោទិ៍ ។ បានដកហូតវត្ថុតាងរួមមានស្បៃមង ប្រវែង៣០ម៉ែត្រ អាគុយ និងអាំភ្លីឆក់ត្រីមួយគ្រឿងទូកមួយគ្រឿង។

លោកសួស សារិទ្ធ ក៏បានអំពាវនាវដល់ពលរដ្ឋត្រូវចូលរួមអភិរក្សធនធាន មច្ឆាជាតិ ឲ្យបានគង់វង្សត្រូវមានឆន្ទៈស្រឡាញ់ធនធានជីវចម្រុះ ដែលមាននៅតាមមូលដ្ឋាន ជាពិសេសនៅរដូវបិទនេសាទនេះ ចៀសវាងកុំប្រើប្រាស់ឧបករណ៍នេសាទណាដែលច្បាប់ហាមឃាត់ ។ ជនសង្ស័យទាំង៦នាក់ រួមទាំងវត្ថុតាងសមត្ថកិច្ចបានបញ្ជូនមកការិយាល័យរដ្ឋបាលជលផលខេត្តស្វាយរៀងចាត់ការបន្តតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ