រាជធានីភ្នំពេញ ៖ បានកត់សម្គាស់ឃើញថា កិច្ចប្រតិបត្តការបង្ក្រាបករណីជួញដូរគ្រឿងញៀនបានចំនួន២ករណី ករណីទី១-កាលពីថ្ងៃទី១៦ កក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ នឹងដកហូតថ្នាំញៀនជិត១គីឡូក្រាម នោះជាការបង្ហាញដោយស្នាដៃរបស់លោកវរៈសេនីយ៍ទោ រ៉ឹម ម៉ិច ដែលទើបនឹងឡើ ងកាន់តំណែង ជាប្រធានការិយាល័យប្រឆាំងគ្រឿងញៀនថ្មោងថ្មី ។

កិច្ចប្រតិបត្តការបង្ក្រាបនោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក សឿ ឡងឌី ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យមន្ត្រីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន ចុះអនុវត្តវិធានញុះញង់ បង្ក្រាបជាក់ស្តែងករណី ជួញដូរគ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ចន្ថា ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា(ផាសអាប់) ដកហូតវត្ថុតាង ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន១កញ្ចប់ថង់ធំ ទម្ងន់ ៩២៩.៨៤ ក្រាម (ជិត១គីឡូក្រាម) ម៉ូតូកង់បី១គ្រឿង និងទូរស័ព្ទដៃចំនួន១គ្រឿង។

ករណីទី២-នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដដែល ក្រោមការសម្របសម្រួលដឹកនាំផ្ទាល់ពីសំណាក់លោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យមន្ត្រីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន ចុះអនុវត្តវិធានញុះញង់បង្ក្រាបជាក់ស្តែងករណី ជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចមុខសាកលវិទ្យាល័យអាសុីអឺរ៉ុប ផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ញឹម គីមលៀង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ដកហូតវត្ថុតាង ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន១កញ្ចប់ធំទម្ងន់១០០០.៧៤ ក្រាម ដឹកតាមម៉ូតូកង់បី១គ្រឿង និងទូរស័ព្ទដៃចំនួន០១គ្រឿង ។

សរុបទាំង២ករណី ដកហូតថ្នាំញៀនជិត២គីឡូក្រាម ។ ក្រោយឃាត់ខ្លួនជនសង្ស័យ នឹងវត្ថុតាងថ្នាំញៀនជិត២គីឡូក្រាមខាងលើនេះ ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕


ចែករំលែកព័តមាននេះ