ខេត្តប៉ៃលិន ៖ មានករណីប្រើអំពើហិង្សាដោយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃកើតឡើង០១ ករណី បន្ទាប់ពីឈ្លោះទាស់ទែងពាក្យសម្តីបន្តិចបន្តួច ហើយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំនុចផ្លូវចូលរមណីដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្ដប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ ឈឹម ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនសង្ស័យមានឈ្មោះ ស្រួយ ថង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអាជីវករ មានទីលំនៅភូមិឃុំកើតហេតុជាមួយគ្នា ។

រីឯសម្ភារៈដែលរងការខូចខាត គឺបែកទូកញ្ចក់ចំនួន០១គ្រឿង ដោយមូលហេតុទាស់ទែងពាក្យសម្ដីរវាងគ្នានឹងគ្នាបន្តិចបន្តួចក៏ឈានដល់ទាញដំបងវាយបំបែកទូតែម្តង ។

ក្រោយបង្កហេតុ ជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរតាវ៉ៅ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិននាំខ្លួនយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ