ពេលថ្ងៃត្រង់ជាពេលដែលក្តៅជាងគេក្នុងមួយថ្ងៃ និងមិនមែនជាពេលល្អក្នុងការខិតខំប្រឹងប្រែងធ្វើការងារឡើយ។ ជាក់ស្តែង មនុស្សម្នាក់ៗមានពេលវេលាធ្វើការរៀងៗខ្លួន ប៉ុន្តែការស្រាវជ្រាវមួយចំនួនបានបង្ហាញឲ្យឃើញថា ការគេងប្រមាណ ២០ នាទីនៅថ្ងៃត្រង់អាចជួយបង្កើនប្រសិទ្ធិភាពការងាររបស់អ្នកបាន។

កត្តាដែលសំខាន់គឺអ្នកត្រូវដឹងពីមុខសញ្ញា។ ប្រសិនបើអ្នកមានអារម្មណ៍ថាងងុយគេង ពិបាកក្នុងការតាំងស្មារតី មិនអាចបញ្ចប់ការងារបានលឿន ឬមានអារម្មណ៍មិនល្អ វាអាចជាពេលដែលអ្នកត្រូវគេងសម្រាកប៉ុន្មាននាទីសិនហើយ។
ប្រសិនបើអ្នកធ្វើការនៅផ្ទះនោះ អ្នកអាចធ្វើដូច្នេះបានយ៉ាងងាយស្រួល។ ប៉ុន្តែវាអាចនឹងពិបាកប្រសិនបើអ្នកធ្វើការក្នុងការិយាល័យ តែអ្នកនៅតែអាចឆ្លៀតពេលសម្រាកភ្នែកបន្តិចបានដែរពេលម៉ោងសម្រាក។
អ្នកមិនគួរចូលគេងរាល់ពេលដែលអ្នកនឹកឃើញទេ។ អ្វីដែលសំខាន់គឺអ្នកត្រូវតាមដានមើលរាងកាយរបស់អ្នកដើម្បីដឹងថាពេលណាជាពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ងងុយគេង និងនឿយហត់។ ជាទូទៅ មនុស្សតែងតែមានអារម្មណ៍ដូច្នេះបន្ទាប់ពីទទួលទានបាយថ្ងៃត្រង់ហើយ ដូច្នេះអ្នកគួរតែចូលគេងបន្ទាប់ពីនោះ។
ការចូលដំណេកមួយភ្លែតមានសារៈសំខាន់ច្រើនណាស់ ហើយការសិក្សាមួយចំនួនបានប្រទះឃើញថាការគេង ២០នាទីជាការគេងល្អបំផុតរបស់មនុស្ស។ ប្រសិនបើអ្នកគេងច្រើនពេក អ្នកនឹងងើបឡើងដោយអស់កម្លាំងពីខ្លួនទៅវិញ។
ទីតាំងក៏មានសារៈសំខាន់ដែរ អ្នកគួរតែរកន្លែងដែលអនុញ្ញាតឲ្យរាងកាយសម្រាកបានស្រួល។ លើសពីនេះទៅទៀតបន្ទប់នោះមិនគួរមានសម្លេងរំខានដល់ការចូលដំណេករបស់អ្នកឡើយ។ ប្រសិនបើវាជាបន្ទប់ដាច់ដោយឡែកពីកន្លែងការងារគឺកាន់តែល្អទៅទៀត។
បើអ្នកជាមនុស្សដែលត្រូវការខ្នើយ ឬភួយដណ្តប់ដើម្បីចូលគេងបានស្កប់នោះ អ្នកមិនគួរខ្មាសអៀនក្នុងការយកវាពីផ្ទះឡើយ។ ជាក់ស្តែង ទម្លាប់នេះមិនអាចមានប្រសិទ្ធិភាពសម្រាប់មនុស្សគ្រប់គ្នាទេ ប៉ុន្តែអ្នកអាចសាកល្បងវាប៉ុន្មានថ្ងៃសិនដើម្បីដឹងថាវាពិតជាស័ក្តិសមសម្រាប់អ្នកឬទេ ៕
ចែករំលែកព័តមាននេះ