នៅថ្ងៃសុក្រទី១៧ កក្កដានេះ សមាជិកសភាតៃវ៉ាន់ បានដាល់ និងគប់ប៉េងប៉ោងទឹកដាក់គ្នា នៅក្នុងសភា ដែលនេះជាជម្លោះវាយតប់គ្នាក្នុងសភាលើកទី៣ ក្នុងរយៈពេល២សប្តាហ៍ ដោយសារតែការតែងតាំង ប្រធានអ្នកអង្កេតការណ៍ជាន់ខ្ពស់លើរដ្ឋាភិបាលមួយ នេះបើយោងតាម AFP ។
សមាជិកសភាមកពីគណបក្សដែលកំពុងកាន់អំណាច ហៅកាត់ (DPP) ត្រូវកាមេរ៉ាថតបាន កំពុងវាយទៅលើសមាជិកគណបក្សប្រឆាំង Kuomintang (KMT) មួយរូប អំឡុងពេលបោះឆ្នោត ជ្រើសរើសបេក្ខជន លោកស្រី Chen Chu អាយុ ៧០ ឆ្នាំធ្វើជាមេក្រុមត្រួតពិនិត្យ Control Yuan ដែលជាក្រុមឃ្លាំមើលរបស់រដ្ឋាភិបាល ។
ក្រោយមកសមាជិកសភាគណបក្សប្រឆាំង (KMT) បានគប់ប៉េងប៉ោងទឹក ដោយបង្ខំឲ្យក្រុមសមាជិកសភារបស់គណបក្ស DPP ពាក់អាវភ្លៀងប្លាស្ទិក និងកាន់ក្រដាសកាតុង ដើម្បីការពារខ្លួន ។
ការវាយតប់គ្នា បានកើតឡើងដោយសារគោលនយោបាយកំណែទម្រង់ និងការកាត់បន្ថយប្រាក់សោធន នៅពេលដែលប្រធានាធិបតីលោកស្រី Tsai Ing-wen បានឡើងកាន់អំណាចរយៈពេល ៤ឆ្នាំ កន្លងមកនេះ ។
ទោះបីជាមានការវាយតប់គ្នាក៏ដោយ ក៏ការបោះឆ្នោតនៅតែបន្ត ហើយការតែងតាំងលោកស្រី Chen ត្រូវបានអនុម័ត ៕


ចែករំលែកព័តមាននេះ