ប្រទេសចិន ៖ សមាគមក្បាច់គុនវូស៊ូរបស់ប្រទេសចិន (CWA) បានប្រកាសពីវិធានការ ដើម្បីបញ្ឈប់សកម្មភាពក្រុមអ្នកក្បាច់គុនកុងហ្វូក្លែងក្លាយ ដែលកំពុងនាំមកនូវផលប៉ះពាល់ដ៏អាក្រក់បំផុត ដល់កិត្តិនាមសិល្បៈក្បាច់គុនបុរាណដ៏ចំណាស់របស់ចិន។

សមាគមមួយនេះ បានចេញផ្សាយសេចក្តីណែនាំនៅក្នុងសំណើមួយ លើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីសប្តាហ៍មុន ដោយបានលើកឡើងថា សមាគមនឹងផ្តល់ការណែនាំ ដើម្បីផ្សព្វផ្សាយឱ្យអ្នកជំនាញក្បាច់់គុនទាំងអស់ប្រកាន់ខ្ជាប់ ក៏ដូចជាជួយលើកកម្ពស់វិន័យ សម្រាប់សិល្បៈក្បាច់គុនបុរាណជាច្រើននៅក្នុងប្រទេសចិន។ បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សមាគមបានមើលឃើញក្រុមក្បាច់គុនក្លែងក្លាយ ដែលបានប្រើប្រាស់ក្បាច់គុនបុរាណចិន ដើម្បីផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលវាបាននាំមកនូវភាពចម្រូងចម្រាសជាច្រើនកន្លងមក។

កាលពីថ្មីៗនេះ ខ្សែវីដេអូមួយចំនួន បានបង្ហាញពីសកម្មភាពជាច្រើនរបស់ក្រុមអ្នកក្បាច់គុនក្លែងក្លាយ ដែលតាំងខ្លួនជាអ្នកជំនាញពិតប្រាកដ បានធ្វើការសាកល្បងក្បាច់គុន ហើយទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីសំណាក់អ្នកហាត់គុនចម្រុះបែបសម័យទំនើប។ សកម្មភាពទាំងនេះហើយ ដែលបានធ្វើឱ្យបាត់បង់នូវកិត្តិនាមសិល្បះក្បាច់គុនបុរាណដ៏ផូរផង់ និងល្បីរន្ទឺរបស់ចិន៕ (ដកស្រង់ចេញពី SCMP)
ចែករំលែកព័តមាននេះ