ប្រទេសអង់គ្លេស ៖ ក្រុមកាំភ្លើងធំ Arsenal បានបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Gabriel Martinelli នឹងត្រូវអនវត្តមានពីទីលានប្រកួតរហូតដល់ដាច់ឆ្នាំ២០២០ ដោយសារបញ្ហារបួស ។ ដែលមានន័យថា គេនឹងអវត្តមានសម្រាប់ការប្រកួតជុំទី១ក្នុងក្របខណ្ឌ Premier League រដូវកាល ២០២០/២០២១ ។

តាមរបាយការណ៍ពីក្រុមគ្រូពេទ្យបានឱ្យដឹងថា ខ្សែប្រយុទ្ធប្រេស៊ីលខាងលើមានបញ្ហារបួសឆ្អឹងខ្ចីនៅជង្គង់ខាងឆ្វេងរបស់គេ ដែលបានកើតឡើងអំឡុងការហ្វឹកហាត់មួយកាលថ្ងៃទី២១ ខែមិថុនាកន្លងទៅ។ ការវះកាត់របស់កីឡាករវ័យ ១៩ឆ្នាំរូបនេះ ទទួលបានជោគជ័យសម្រាប់ដំណាក់កាលដំបូងនៃដំណើរការពន្យាបាល។ ហើយរូបគេត្រូវចំណាយពេលបន្ថែមទៀត ដើម្បីទទួលការព្យាបាលរហូតដល់ជាសះស្បើយ១០០ភាគរយ ។

សូមរំលឹកថាកីឡាករ Gabriel Martinelli បានផ្លាស់ពីក្លិប Ituano របស់ប្រេស៊ីលមកចូលរួមជាមួយ Arsenal កាលពីខែកក្កដា ឆ្នាំ២០១៩ ក្នុងតម្លៃ ៨លានផោន។ រូបគេរកគ្រាប់បាល់បាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ប្រកួតដំបូងគ្រប់ប្រកួតទាំងអស់សម្រាប់ Arsenal និងត្រូវបានរាប់បញ្ចូលជាកីឡាករវ័យក្មេងដ៏ល្អ ក្នុងចំណោមកីឡាករវ័យក្មេងល្អៗដទៃទៀតនាពេលបច្ចុប្បន្ន៕ (ដកស្រង់ចេញពី Goal.com)




ចែករំលែកព័តមាននេះ