រាជធានីភ្នំពេញ ៖ ទីតាំងមួយដែលទទួលចម្លាក់ចេញពីភ្លុក ចែ ឆ្អឹង ដែលមានយីហោថា “ព្រះម៉ែនាគ” មានទីតាំងស្ថិត នៅខណ្ឌបឹងកេងកង ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក្រោមការសម្របសម្រួលពីតំណាងអយ្យការ ចុះបង្ក្រាបកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។
សមត្ថកិច្ចបានអោយដឹងថា ទីតាំងបង្ក្រាបយីហោឈ្មោះ “ជាងចម្លាក់ព្រះម៉ែនាគ” នៅផ្ទះលេខ២៥០ ផ្លូវលេខ៣៧៦ ក្រុមទី១៣ ភូមិ០៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលម្ចាស់ទីតាំងមានឈ្មោះ ព្រហ្ម រតនៈ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ។
សមត្ថកិច្ច បន្តថា ប្រតិបត្តិការបង្ក្រាបបទល្មើសសំណាកសត្វព្រៃដែលជិតផុតពូជនេះ ធ្វើឡើងដោយមានលោកព្រះរាជអាជ្ញារង សេង ហៀង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយចាត់លោកកាន់ វីវៈ ជាក្រឡាបញ្ជីអមអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ ចូលរួមក្នុងការចុះបង្ក្រាបនេះតាមលិខិតអនុញ្ញាតលេខ ១២៥ ប.យ.ន ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ និងដោយមានការដឹកនាំផ្ទាល់ពីលោកហេង គឹមឆាយ ប្រធានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាង បទល្មើសជាសំណាក់សត្វព្រៃ រួមមាន៖ សំណាកភ្លុកដំរីចំនួន ៨ដុំ ស្មើនឹង ០,៥៩០ គីឡូក្រាម សំណាកភ្លុកដំរី ឆ្លាក់កែច្នៃចំនួន ១៧ដុំ ស្មើនឹង ០,១៧៦គីឡូក្រាម ចែជ្រូកព្រៃ(ខ្នាយ) ស្រោបលោហៈ ចំនួន ១២ដុំ ចែជ្រូកព្រៃ ចំនួន ១៦ដុំ គល់ស្នែងប្រើសចំនួន ១ដុំ ។
បច្ចុប្បន្ន វត្ថុតាងត្រូវបានដកហូតបណ្តោះអាសន្ន យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ចំណែកឯម្ចាស់ទីតាំងត្រូវនាំខ្លួនទៅសាកសួរទៅតាមនីតិវិធី ៕






ចែករំលែកព័តមាននេះ