ខេត្តឧត្តរមានជ័យ ៖ អ្នកទោស២នាក់ រួមទាំងពលករ២នាក់ផងដែរ ត្រូវបានក្រុមអាជ្ញាធរថៃនាំយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិជាំកាលពីវេលាម៉ោង១០និង៥៨នាទីព្រឹកថ្ងៃទី១៦ កក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ពលករ២នាក់ដែលក្រុមអាជ្ញាធរថៃបញ្ជូនខ្លួនយកមកប្រគល់ឱ្យក្រុមអាជ្ញាធរ កម្ពុជាវិញនោះ ម្នាក់ឈ្មោះសុទ្ធ ណន ភេទប្រុស អាយុ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះសោម ឡា ភេទប្រុស អាយុ៣៨ឆ្នាំ អ្នកទាំង២នាក់ជាពលករធ្វើការនៅប្រទេសថៃ រស់នៅភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

ចំណែកអ្នកទោស២នាក់ដែលអាជ្ញាធរថៃនាំយកមកប្រគល់ឱ្យអាជ្ញាធរកម្ពុជាវិញនោះ ម្នាក់ឈ្មោះហ៊ឹម ជាតិ ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះចាន់ តែ ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង២នាក់ជាប់ចោទពីបទឆ្លងដែនកាប់ឈើគ្រញួង និងបានជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ ដោយត្រូវអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី១០ តុលា ឆ្នាំ២០១៧ អ្នកទាំង២នាក់រស់នៅភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
មន្ត្រីបម្រើការងារមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា ក្រោយពីបានទទួលអ្នកទោស២នាក់ និងពលករ២នាក់រួចមក សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ជាបន្តទៀត ហើយបានអនុញ្ញាតឱ្យពួកគាត់ទាំង៤នាក់វិលត្រឡប់ទៅលំនៅឋានជួបជុំក្រុមគ្រួសារក្នុងថ្ងៃដដែល ៕
ចែករំលែកព័តមាននេះ