ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រមាន​​ចាត់វិធានការ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នានា

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​សៀម​រា​ប  ៖ លោក ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​អនុ​គណៈកម្មការ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ធ្វើការ​ព្រមាន​ធ្ងន់​ៗ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នានា ដែល​បើកបរ​លើ​ដងផ្លូវ​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍ មិន​គោរព​សមត្ថកិច្ច​ជា​អ្នក​អនុវត្តន៍​ច្បាប់​តាម​ដងផ្លូវ…

ខេត្ត​សៀម​រា​ប  ៖ លោក ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​អនុ​គណៈកម្មការ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ធ្វើការ​ព្រមាន​ធ្ងន់​ៗ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នានា ដែល​បើកបរ​លើ​ដងផ្លូវ​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍ មិន​គោរព​សមត្ថកិច្ច​ជា​អ្នក​អនុវត្តន៍​ច្បាប់​តាម​ដងផ្លូវ លោក​នឹង​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាត់​វិធាន​ការ​ម៉ឺងម៉ាត់​តាម​ផ្លូវច្បាប់​ ដោយ​​គ្មាន​ការ​លើកលែង​នោះ​ឡើយ ពិសេស​អ្នកបើកបរ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ។

ជាក់ស្តែង​ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​ទៅ​លើ​គ្រប់​រថយន្ត​គ្រប់​ប្រភេទ​ដែល​ខុស​បច្ចេកទេស និង​ពី​អនុ​ក្រិ​ត្យ​ណែនាំ​នោះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ស្រុក កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក កង​រាជ អាវុធហត្ថ តាម​បណ្តា​ក្រុង ស្រុក កាលពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២០​នេះ ក្រោម​ការ​ចង្អុលបង្ហាញ​របស់​រដ្ឋមន្ត្រីក្រសួង​សា​ធា​រណការ​ និង​ដឹក​ជញ្ជូន និង​ការ​ណែនាំ​របស់ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក្នុង​សកម្មភាព​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ទំនិញ ដឹកនាំ​ដោយ​​លោក​ ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សាស្ត្រ​ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។

តាម​ការ​បញ្ជាក់​របស់​មន្ត្រី​បច្ចេកទេស និង លោក ជួត ច័ន្ទ​តារា អនុប្រធាន​មន្ទីរ​សាធារណការ និង ដឹក​ជញ្ជូន​ខេត្ត បាន​ឲ្យ​ដេ​ង​ថា នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ នេះ ក្នុង​ការ​ត្រួតពិនិត្យ​បណ្តា​រថយន្ត​ដែល​បាន​ធ្វើ​ចរាចរណ៍​ដឹក​ជញ្ជូន​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តសៀមរាប កម្លាំង​ជំនាញ​បច្ចេកទេស បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​គ្រប់​រថយន្ត មាន​ចំនួន​១​ពាន់​៦១០​គ្រឿង​, រថយន្ត ខុស​លក្ខណៈ​បច្ចេកទេស ១៦៨​គ្រឿង ,​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ៨១​គ្រឿង, ​ដឹក​ទំនិញ​ខុស​បច្ចេកទេស ០៤​គ្រឿង និង គ្មាន​ប័ណ្ណបើកបរ និង បើកបរ​ខុស​ប្រភេទ​រថយន្ត៦​គ្រឿង,​ ដំឡើង​ភ្លើង​ខុស​បច្ចេកទេស ២​គ្រឿង, ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​៨​គ្រឿង,​ បើកបរ​មាន​ផ្ទុក​សារធាតុ​ញៀន​ចំនួន​៦៥​នាក់​ផង​ដែរ ។

លទ្ធផល​នៃ​ការ​ចុះ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធំ និង​ធុន​តូច​នេះ​បាន​ចំនួន​១១២​គ្រឿង រថយន្ត​ធំ ៦៨​គ្រឿង រថយន្ត​តូច ៤៤​គ្រឿង កម្លាំង​សមត្ថកិច្ច​ជំនាញ​រក​ឃើញ និង ធ្វើការ​ពិន័យ​ដោយ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់ ចំនួន​២​គ្រឿង និង ធ្វើការ​អប់រំ​ណែនាំ ដល់​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង ការ​បំពាក់​ស្លាក​លេខ​ឲ្យ​បាន​ត្រឹមត្រូវ ។ ក្នុង​នោះ​ក៏​បាន​រក​ឃើញ អ្នកបើកបរ​ធ្វើ​ប័ណ្ណបើកបរ​ក្លែង ក្លាយ និង គ្មាន​ប័ណ្ណបើកបរ រួម​ទាំង​បាន​ធ្វើតេស្ត​ទឹកនោម រក​នូវ​សារធាតុ​ញៀន តែ​អវិជ្ជមាន ព្រមទាំង​បាន​ធ្វើការ​អប់រំ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព និង បាន​ចែក​ជូន​នូវ​មួ​ស​សុវត្ថិភាព និង បក​ស្កុ​ត​ខ្មៅ​បិទ​កញ្ចក់​ចេញ​ផង​ដែរ ។

តាម​ការ​បញ្ជាក់​របស់ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​យុទ្ធនាការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ដោយ​បាន​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​យានយន្ត​គ្រប់​ប្រភេទ គឺ​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​គុណភាព​ផ្លូវ​ដឹក​ជញ្ជូន និង កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បច្ចុប្បន្ន​បណ្តា​យានយន្ត​មួយ​ចំនួន បាន​ធ្វើការ​ផ្ទុក​នូវ​ទំនិញ​ខុស​ពី​សៀវភៅ​បន្ទុក​របស់​ខ្លួន ព្រមទាំង​ត​ទ្រុង​ខុស​បច្ចេកទេស ដែល​អនុ​ក្រិ​ត្យ​បាន​កំណត់​កន្លង​មក ព្រមទាំង​មាន​ផ្ទុក​សារធាតុ​ញៀន​ទៀត​ផង ។

​លោក​បានបន្ត​ថា ម្យ៉ាង​ទៀត​ ការ​ផ្ទុក​នូវ​ទំនិញ​ខុស​ពី​សៀវភៅ បន្ទុក គឺ​បង្ក​ឲ្យ​ផ្លូវថ្នល់ ស្ពាន លូ រង​នូវ​ការ​ខូចខាត ដោយ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់ និង​បង្ក​ឲ្យ​មាន​កើត​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ផង ។

ក្នុង​នោះ​ដែរ លោក​អភិបាលរង​ខេត្តក៏​បាន​ធ្វើការ​ណែនាំ​មួយ​ចំនួន​ដល់​ម្ចាស់ និង អ្នកបញ្ជា​យានយន្ត​ទាំងអស់ ត្រូវ​ចេះ​ធ្វើការ​ត្រួត​ពិនិត្យ​ឲ្យ​បានជា​ប្រចាំ​លើ​យានយន្ត​របស់​ខ្លួន មុន​ពេល​ចេញដំណើរ ព្រមទាំង​ត្រូវ​ផ្ទុកទំនិញ ទៅ​តាម​សៀវភៅ​បន្ទុក​បាន​កំណត់ ដើម្បី​ចៀសវាង​នូវ​ប្រការ​អាក្រក់​ណាមួយ​កើតឡើង​ដល់​ខ្លួន និង​អ្នក​ដទៃ​ដែល​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈជា​សំខាន់​​ចៀស​​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ។

ក្នុង​នោះ​ដែរ លោក ក៏​បាន​ធ្វើការ​ក្រើន​រំលឹក​ដល់​មន្ត្រី​ជំនាញ និង​កម្លាំង​សមត្ថ​កិច្ច​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា ក្នុង​ការ​បង្ក្រាប​លុប​បំបាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់ ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​សម្បត្តិ​សាធារណៈ និង​ខាតបង់​ថវិកា ជាតិ ព្រមទាំង​ត្រូវ​ធ្វើការ​ឃាត់ខ្លួន​ចំពោះ​ជន​ណា​ដែល​មិន​គោរព​អនុវត្ត​ទៅ​តាម​អនុក្រឹត្យ​ដែល​បាន​កំណត់​យក​មក​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ