រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ម្ចាស់រថយន្ដស៊េរីទំនើប១គ្រឿងបានបើករថយន្តទៅលេងបងប្អូនទល់មុខនឹងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ តែអត់មានកន្លែងចត ក៏បើកទៅចតនៅក្នុងក្រសួងកសិកម្មដែលជាកន្លែងម្ចាស់ផ្ទះធ្វើការ។ លុះពេលរថយន្តរងគ្រោះកំពុងតែបត់ចូលកន្លែងចត ក៏ត្រូវរថយន្តកាមរីគូទហើមបើកដោយយុវជនម្នាក់វ៉ាស្តាំតែមិនផុតក៏មកកៀរតែម្តង បណ្តាលឱ្យធ្លាក់កាងមុខរងការខូចខាត បន្ទាប់មករថយន្តបង្កព្យាយាមបើករត់គេច តែត្រូវម៉ូតូជិះអមរថយន្តរងគ្រោះដេញឃាត់បានភ្លាមៗ រួចនាំមកកាន់ក្រសួង កសិកម្ម ដើម្បីដោះស្រាយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង10និង15នាទីយប់ ថ្ងៃទី16 ខែកក្កដា ឆ្នាំ2020 នៅចំណុចស្តុបចំការមន តាមបណ្ដោយមហាវិថី ព្រះនរោត្តម កែងនឹងមហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍បន្តថា រថយន្តបង្កខាងលើម៉ាកកាមរីគូទហើម ស៊េរីចាស់មួយគ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ សៀមរាប 2A-9185 បើកបរដោយយុវជនម្នាក់ក្នុងស្ថានភាពស្រវឹងជោកជាំ ចំណែករថយន្តរងគ្រោះម៉ាក Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ កែប 2C-666 រីឯម្ចាស់រថយន្តរងគ្រោះសុំមិនបញ្ចេញឈ្មោះ។

យោងតាមប្រភពពីកន្លែងកើតហេតុប្រាប់ឱ្យដឹងថា មុនកើតហេតុ គឺម្ចាស់រថយន្តរងគ្រោះ បានមកលេងផ្ទះបងប្អូននៅទល់មុខនឹងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយគ្មានកន្លែងចតរថយន្តម្ចាស់ផ្ទះបានឱ្យអ្នកបើករថយន្ត យករថយន្តមកទុកក្នុងក្រសួងកសិកម្មសិនដែលជាកន្លែងធ្វើការគាត់ ។

ប្រភពដដែលបន្តទៀតថា ពេលនោះអ្នកបើករថយន្តបានបើករថយន្តចូលតាមផ្លូវភូមិ9 វាងមកឡើងផ្លូវសុធារស រួចបត់ឆ្វេងឡើងមកស្តុបចំការមន ហើយបត់ឆ្វេងទៀតឡើងផ្លូវព្រះនរោត្តម គោលបំណងចូលទៅក្នុងក្រសួងកសិកម្ម ។ ខណៈនោះក៏មានរថយន្តបង្កខាងលើធ្វើដំណើរស្របទិសគ្នាពីក្រោយមកក្នុងល្បឿនលឿន ហើយអ្នកបើកបរស្រវឹងស្រាជោកជាំទៀត ក៏បើកវ៉ាជែងគេឯងពេញផ្លូវឡើង រួចវ៉ារថយន្ត Alphard គាត់ តែមិនផុតក៏មកកៀរកាងមុខរថយន្តផ្នែកខាងស្តាំ បណ្តាលឱ្យធ្លាក់កាងមុខរងការខូចខាតតែម្តង ភ្លាមៗរថយន្តបង្កមិនបានឈប់ទទួលស្គាល់កំហុសខ្លួនទេ បែរជាបន្ថែមល្បឿនរថយន្ដបើករត់គេចខ្លួន តាមបណ្ដោយមហាវិថីព្រះនរោត្ដមពីជើងទៅត្បូង។

ប្រភពដដែលបន្តថា ភ្លាមៗផងដែរ ក៏មានម៉ូតូមួយគ្រឿងទៀតដែលជិះអមរថយន្តរងគ្រោះ បានប្រដេញតាមឃាត់រថយន្ដបង្ករហូតមកដល់ចំណុចស្តុបក្រសួងមហាផ្ទៃ ដោយស្ថានភាពផ្លូវមានភាពកកស្ទះផង រថយន្ដបង្កទៅមុខលែងរួច ទើបអ្នកបើកម៉ូតូឃាត់រថយន្ដបង្កបានភ្លាមៗ រួចនាំមកកាន់ក្រសួងកសិកម្ម ដើម្បីដោះស្រាយគ្នា។

បន្ទាប់ពីកើតហេតុភ្លាមៗ ក៏មានវត្តមានសមត្ថកិច្ចជំនាញមូលដ្ឋានចុះទៅជួយសម្របសម្រួលភាគីទាំងពីរ ដោយកាងមុខររថយន្តរងគ្រោះមានតម្លៃដល់ទៅ2300ដុល្លារឯណោះ ហើយអ្នកបើកបររថយន្តបង្កមានលទ្ធភាពសងត្រឹមតែ1300ដុល្លារទេ ដោយមានការអធ្យាស្រ័យពីម្ចាស់រថយន្តរងគ្រោះ ក៏យល់ព្រមទទួលសំណង1300ដុល្លារនោះ ។

ប៉ុន្តែបន្ទាប់ពីកើតហេតុភ្លាមៗ ម្ចាស់រថយន្ដបង្កមិនទាន់មានប្រាក់សងទេ ក៏បានប្រគល់រថយន្តខ្លួនទៅអោយខាងរថយន្តរងគ្រោះរក្សាទុកបណ្ដោះអាសន្នសិន និងធ្វើកិច្ចសន្យាគ្នាពេលណាយកប្រាក់មកប្រគល់ឱ្យ ទើបយករថយន្តត្រលប់ទៅវិញបាន ដោយពួកគាត់ដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ដោយមិនរំខានដល់សមត្ថកិច្ចឡើយ ៕ (កែសម្រួលដោយ ៖ បុប្ផា)

ចែករំលែកព័តមាននេះ