រាជធានីភ្នំពេញ ៖ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន តាមរយៈវីដេអូពីចម្ងាយត្រូវបានធ្វើក្រោមប្រធានបទវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ក្នុងវិស័យដឹកជញ្ជូននៅទីស្ដីការក្រសួង នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងទៅកាន់អង្គប្រជុំដោយគូសបញ្ជាក់ថា «កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ជាករណីនាំចូលគិតរហូតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងមេរោគនេះចំនួន១៦៦ករណីក្នុងនោះអ្នកជំងឺចំនួន១៣៣នាក់ ត្រូវបានជាសះស្បើយ៣៣នាក់ កំពុងទទួលការព្យាបាល ។ ដោយឡែកអ្នកស្លាប់ដោយសារមេរោគនេះមិនទាន់កើតមាននៅឡើយទេ» ។

លោកទេសរដ្ឋមន្ត្រីក៏បានលើកឡើងថា «ការបិទច្រកទ្វារឆ្លងកាត់ព្រំដែនជាបណ្ដោះអាសន្ន គឺដោយមានការឯកភាពរវាងប្រទេសជិតខាង ក្នុងនោះមានការអនុវត្តតាមគោលការណ៍ចំនួនបីចំណុច ទីមួយត្រូវផ្ទេរទំនិញពីរថយន្តដឹកទំនិញរបស់ប្រទេសនាំចេញទៅកាន់រថយន្តដឹកទំនិញរបស់ប្រទេស នាំចូលនៅត្រង់ទីតាំងកំណត់មួយ ទីពីរត្រូវប្ដូររ៉ឺម៉កសណ្ដោងនៅត្រង់ទីតាំងកំណត់នោះ និងទីបី កំណត់ចំនួនរថយន្តចេញចូលច្បាស់លាស់តាមពេលម៉ោងជាក់លាក់ និងការកំណត់ចំនួនមនុស្សច្រើន បំផុតក្នុងមួយរថយន្តចំនួនពីរនាក់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគនេះ» ។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រីបានបន្តថា «មេរោគកូវីដ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនៅទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរ និងធ្វើឱ្យវិស័យនេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពោល គឺនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ កម្ពុជាទទួលបានអ្នកដំណើរចំនួន១,៩៥ លាននាក់ ធ្លាក់ចុះ៦៨% និងទំនិញចំនួន២៥.០០០ តោន ធ្លាក់ចុះ៣០% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩» ។

លោកទេសរដ្ឋមន្ត្រីបន្តថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាត្រូវបានគេប៉ាន់ ប្រមាណថា មានកំណើនអវិជ្ជមាន៥,៥% នៅឆ្នាំនេះធៀបនឹងកំណើនវិជ្ជមានជាមធ្យម៧%ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ហើយវិស័យដែលរងផលប៉ះពាល់ច្រើនជាងគេ គឺវិស័យទេសចរណ៍ និងវិស័យកាត់ដេរ ។
ស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការមួយចំនួនដើម្បីជំរុញសេដ្ឋកិច្ច និងគាំទ្រដល់វិស័យឯកជនក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ក្នុងនោះរួមមានការបង្កើតកម្មវិធីសង្គម ផ្សេងៗជាច្រើនដើម្បីចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ហើយរំពឹងថាអត្រាកំណើនផលិតផលក្នុងស្រុកសរុបនឹងកើនឡើងដល់ប្រហែល៥% នៅឆ្នាំក្រោយ ។
ជាងនេះទៀត លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា »ទោះបីជាមានឥទ្ធិពលអវិជ្ជមានពីមេរោគកូវីដ១៩ ទៅលើសេដ្ឋកិច្ចរបស់កម្ពុជាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ» ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ ដោយសហប្រធាន លោក Dato Abdul Mutalib Yusof រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងព័ត៌មាននិងដឹកជញ្ជូននៃប្រទេសព្រុយណេ និងលោក Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតជាសំខាន់លើវិធានការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ក្នុងវិស័យដឹកជញ្ជូន៕
ចែករំលែកព័តមាននេះ