អាហ្សង់ទីន ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតនៅអាហ្សង់ទីន ដោយសារជំងឺកូវីដ១៩ បានកើនឡើងដល់ ២,០៧២នាក់ ជាមួយនឹងការបាត់បង់ជីវិតថ្មី ២២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាលអាហ្សង់ទីននៅព្រឹកថ្ងៃព្រហស្បតិ៍។
ចំនួនករណីឆ្លងវីរុសនេះ មានចំនួន ១១១,១៦០ករណី ដែលមាន ៤២៥០ករណីថ្មីជាចំនួនកើនឡើងរាល់ថ្ងៃ។ ក្នុងសន្និសីទសារព័ត៌មានពេលព្រឹករបស់ក្រសួង លោក Carla Vizzotti រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសុខាភិបាល បានលើកឡើងថា ៩៣%នៃករណីថ្មី គឺស្ថិតនៅតំបន់មេត្រូ Buenos Aires (AMBA) ។

យ៉ាងហោចណាស់មានមនុស្សចំនួន ៤៩,១២០នាក់ បានជាសះស្បើយពីវីរុសនេះ ចាប់តាំងពីមានការរាតត្បាត។ នេះបើយោងតាមមន្ត្រីសុខាភិបាល។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Telam របស់អាហ្សង់ទីន បានរាយការណ៍ថា ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernández ត្រូវបានគេរំពឹងថា នឹងជួបអ្នកជំនាញសុខភាព និងមន្ត្រីផ្សេងៗគ្នា នៅថ្ងៃព្រហស្បតិ៍ ដើម្បីសម្រេចនូវវិធានការបិទទ្វារថ្មី នៅក្នុងរដ្ឋធានី និងតំបន់ជុំវិញ ដែលនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ