ប្រទេសអាហ្វហ្គានីស្ថាន ៖ កីឡាការិនីបាល់ទាត់របស់អាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ ទី១៥ បានអំពាវនាវឱ្យមានការចាប់ខ្លួនអតីតប្រធានសហព័ន្ធបាល់ទាត់អាហ្វហ្គានីស្ថានលោក Keramuddin Karim បន្ទាប់ពីមានការហាមឃាត់អស់មួយជីវិតមិនឱ្យពាក់ព័ន្ធបាល់ទាត់ ពីបទបំពានផ្លូវភេទដ៏គួរឱ្យស្អប់ខ្ពើម។

សូមរំលឹកថាលោក Karim កាលពីឆ្នាំមុនត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទបំពានលើកីឡាការិនីបាល់ទាត់អាហ្វហ្គានីស្ថានជាច្រើននាក់ដោយ FIFA និងរងការដាក់ទណ្ឌកម្មមិនឱ្យពាក់ព័ន្ធបាល់ទាត់អស់មួយជីវិត រួមជាមួយការពិន័យជាប្រាក់ចំនួន១លានដុល្លារផងដែរ ។

តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) កាលពីថ្ងៃអង្គារបានសម្រេចតម្កល់សាលក្រមរបស់ FIFA ដោយនិយាយថាលោក Karim បានរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន និងធ្វើឱ្យខូចខាតដល់សេចក្តីថ្លៃថ្នូរផ្លូវចិត្ត និងរាងកាយរបស់កីឡាការិនីវ័យក្មេង។

លោក Karim ធ្លាប់បានបដិសេធការចោទប្រកាន់នេះ ដោយថាជាផ្នែកមួយនៃការផ្សំគំនិត ត្រូវបានដំណើរការចាប់តាំងពីអាជ្ញាធរអាហ្វហ្គានីស្ថាន បានចេញដីកាចាប់ខ្លួនគាត់កាលពីឆ្នាំមុន។

ដោយឡែកនាង Khalida Popal ដែលជាអតីតប្រធានក្រុមបាល់ទាត់នារីអាហ្វហ្គានីស្ថាន ដែលធ្វើយុទ្ធនាការប្រឆាំងនឹង Karim បានអះអាងថា ខ្លួនបានប្រមូលភ័ស្តុតាងប្រឆាំងនឹងលោក Karim ពីអតីតមិត្តរួមក្រុមដែលរួមមានអំពើហឹង្សាផ្លូវភេទ, ការគំរាមដល់ជីវិត និងការចាប់បង្ខំសេពសន្ថវៈផងដែរ។

អាជ្ញាធរអាហ្វហ្គានីស្ថាននៅតែបន្តស្វែងរកលោក Karim ដែលបច្ចុប្បន្នកំពុងលាក់ខ្លួន ។ ខណៈដែលការិយាល័យអគ្គមេធាវីអាហ្វហ្គានីស្ថាន បាននិយាយថា ពួកគេបានធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ប៉ុន្តែដោយសារតែអំណាចរបស់ Karim លោកមិនដែលចេញមុខចូលខ្លួនដើម្បីទទួលការសាកសួរឡើយ។ (ដកស្រង់ចេញពី AFP)
ចែករំលែកព័តមាននេះ