រាជធានីភ្នំពេញ ៖ បើទោះបីជាកម្ពុជាមានវិបត្តិកូវីដ ១៩ តែសកម្មភាពទិញ-លក់ដីធ្លីនៅមានសកម្មភាពធម្មតា ។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថាមានអ្នកលក់ច្រើនដែលភាគច្រើនលក់ក្រោមតម្លៃទីផ្សារ ដោយសារតែត្រូវការលុយបន្ទាន់ ដោះស្រាយអាជីវកម្ម ។

ហេតុដូច្នេះនៅពេលដែលការដាក់លក់ក្រោមទីផ្សារច្រើន ក៏ជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងវិស័យដីធ្លីធំ ក្នុងខេត្តកំពតអាចនឹងមានឱកាសខ្ពស់ក្នុងការរកប្រាក់ចំណេញ ដោយអាចទិញទុកសម្រាប់វិនិយោគនៅពេលអនាគត ។

លោកគឹម សង្គ្រាម អ្នករកទទួលវិស័យដីធ្លីនៅក្នុងខេត្តកំពត-កែប បានអោយដឹងថា បច្ចុប្បន្ននេះ អ្នកលក់និងទិញដីធ្លីនៅក្នុងខេត្តជាប់មាត់សមុទ្រទាំងនៅមានសកម្មភាពជាធម្មតា ដោយក្នុងនោះ មានអ្នកប្រកាសលក់ដីធ្លីក៏មានច្រើននិងមានតម្លៃក្រោមទីផ្សារ ដោយសារតែអ្នកលក់ត្រូវការទុនឬលុយបន្ទាន់សម្រាប់ដោះស្រាយនូវអាជីវកម្មឬមុខរបរ ដែលជាប់គាំងដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ។ លោកថា៖« អ្នកលក់ដីធ្លីភាគច្រើនគឺលក់ដីប្រភេទដីភូមិឬដីស្រែ មិនមែនជាពុះឡូត៍នោះទេ ហើយអ្នកទិញខ្លះ គេទិញសម្រាប់ទុកចំណេញ នៅពេលអនាគត និងអ្នកខ្លះទិញទុកអភិវឌ្ឍន៍ ដោយខ្លួនគេ» ។

លោកសង្គ្រាមបន្តថា រហូតមកដល់សព្វថ្ងៃមានភ្ញៀវទិញដីមកពីភ្នំពេញ និងបណ្ដាខេត្តក៏ដូចជាភ្ញៀវក្នុងខេត្តកំពតផ្ទាល់បានចុះមកមើលទីតាំងដីធ្លីដែលនៅជាយៗទីរួមខេត្តកំពត ហើយបើសិនជាគេពេញចិត្តគេទិញទុកដោយរំពឹងថា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយគេនឹងអាចរកប្រាក់ចំណេញត្រលប់មកវិញបានពេលគេលក់ដីនេះបន្តទៅអ្នកវិនិយោគសម្រាប់អភិវឌ្ឍន៍ ពីព្រោះខេត្តកំពតជាខេត្តមួយមានគោលដៅទេសចរណ៍ច្រើនសម្រាប់ទេសចរក្នុងនិងក្រៅប្រទេស » ។
បើតាមលោកវ៉ែន ឈុនហៀត ម្ចាស់គម្រោងដីឡូត៍ក្នុងខេត្តកំពត បានអោយដឹងថា ទោះបីជាកម្ពុជា បានជួបនឹងវិបត្តិដោយសារតែកូវីដ១៩ក្ដី តែការទិញលក់ដីធ្លីក្នុងខេត្តកំពតនៅតែមានសកម្មភាពជាធម្មតា ជាក់ស្ដែងគម្រោងដែលលោកបានពុះលក់ នៅក្នុងខេត្តកំពតឃើញថាមានការចាប់អារម្មណ៍និងចុះមកមើលទីតាំងព្រមទាំងបោះទុនវិនិយោគ ជាមួយដីធ្លី ក្នុងខេត្តកំពត ។
លោកថា៖« អ្នកទិញឡូត៍ក្នុងគម្រោងមួយចំនួនសម្រាប់ទុកលក់យកចំនេញបន្ត និងខ្លះទៀតទិញសម្រាប់អភិវឌ្ឍន៍ជាលំនៅឋានលំហែកាយរបស់ពួកគេនៅពេលអនាគត ហើយភាគច្រើននៃអ្នកទិញមកពីរាជធានីភ្នំពេញ» ។ លោកបន្តថា សុទិដ្ឋិនិយមមួយទៀតសម្រាប់វិស័យដីធ្លីក្នុងខេត្តនេះ មើលឃើញថាបច្ចុប្បន្ន មានអ្នកវិនិយោគិនត្រលប់មកបណ្ដើរៗហើយ ដូច្នេះសកម្មភាពវិនិយោគក្នុងតំបន់នេះអាចនឹងកាន់តែល្អប្រសើរនៅពេលឆាប់ៗខាងមុខនេះ ។
លោកសុខ គែន អគ្គនាយកក្រុមហ៊ុន Kampot Street Real Estate ក៏បានអោយដឹងថា មួយរយៈចុងក្រោយនេះសកម្មភាពនៃការទិញលក់ដីធ្លីក្នុងខេត្តកំពតឃើញថា មានសកម្មភាពងើបឡើងវិញបន្តិចហើយបន្ទាប់ពីមានការប្រែប្រួលចាប់តាំងពីភ្ញៀវចិនបានចាក់ចេញពីកម្ពុជានិងអូសបន្លាយមកដល់កូវីដ១៩ ។ ប៉ុន្តែសម្រាប់តម្លៃវិញ បើទោះបីជាមានការប្រែប្រួលសកម្មភាពយ៉ាងណាក្ដី គឺវារក្សានៅកម្រិតមួយថេរ ។
លោកបន្តថា សម្រាប់អ្នកទិញដីធ្លីនាពេលនេះ គឺជាវិនិយោគិនក្នុងស្រុក ដោយគេមើលឃើញពីឱកាសចំណេញប្រាក់នៅពេលអនាគត ពីព្រោះខេត្តកំពតនៅតែមានការអភិវឌ្ឍបន្ថែមនៅពេលខាងមុខជាមួយនឹងគម្រោងជាច្រើនទាំងរដ្ឋនិងឯកជន ។
លោកម៉ាន់ ចាន់ឌីអនុប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងផងដែរថា សម្រាប់វិស័យដីធ្លីនៅតែមានឱកាសនិងកាលានុវត្តភាពសម្រាប់វិនិយោគជាពិសេសទៅលើដីឡូត៍ ទូទាំងប្រទេស ។
ជាក់ស្ដែងនៅតំបន់នានាដែលមានការពុះដីឡូត៍នៅតែទទួលបានអតិថិជនទិញជាហូរហែដូចជានៅផ្លូវ៥១ កំពង់ស្ពឺ និងផ្លូវជាតិលេខ ៣ជាដើម ៕
ចែករំលែកព័តមាននេះ