កោះតៃវ៉ាន់ ៖ កងទ័ពជើងគោក ជើងទឹកនិងជើងអាកាសតៃវ៉ាន់ បានធ្វើកាលពីថ្ងៃទី១៦ កក្កដា នូវសមយុទ្ធបាញ់គ្រាប់ពិតធ្វើត្រាប់ដូចការវាយរុញច្រានការលុកលុយមួយ ដោយប្រធានាធិបតីតៃវ៉ាន់លោកស្រីTSAI ING WENថ្លែងថា បែបនោះបង្ហាញពីការប្ដេជ្ញាចិត្តរបស់តៃវ៉ាន់ការពារប្រជាធិបតេយ្យរបស់ខ្លួន។

កងយន្តហោះប្រដេញធុនF-16បានធ្វើត្រាប់វាយឆ្មក់ ចំណែកកងរថក្រោះវាយលុកបានបាញ់គ្រាប់រ៉ុក្កែត ដើម្បីកម្ទេចបណ្ដាគោលដៅ ដែលមាននៅមាត់ច្រាំងសមុទ្រ។ កងទាហានចំនួនប្រមាណជា៨.០០០នាក់ បានចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំនោះ ដែលរៀបចំធ្វើឡើង នៅតំបន់ឆ្នេរសមុទ្រ ស្ថិតនៅជិតTAICHUNGភាគកណ្ដាលកោះតៃវ៉ាន់។
លោកស្រីTSAI ING WENបានចាត់ទុកការធ្វើទំនើបកម្មកងទ័ពជាអាទិភាពមួយ។ តៃវ៉ាន់បានលាតត្រដាងកាលពីឆ្នាំទៅមិញ នូវការបង្កើនថវិកាការពារដ៏ច្រើនមួយ ពុំធ្លាប់មានចាប់តាំងពីជាង១០ឆ្នាំមកហើយ។

ចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយពុំបដិសេធពីការប្រើកម្លាំងដើម្បីឲ្យតៃវ៉ាន់ដើរតាមគន្លងរបស់ខ្លួន។ ចិនបានបង្កើនសមយុទ្ធយោធានៅជិតកោះតៃវ៉ាន់ ចាប់តាំងពីលោកស្រីTSAI ING WENជាប់ឆ្នោតជាថ្មីមក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ