ខេត្តកំពង់ចាម ៖ ដោយសារតែមើលឃើញស្នាដៃល្អរបស់អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ពីថ្នាក់ដឹកនាំខេត្តក៏ដូចជាក្រសួង ត្រូវបានតែងតាំងជាប្រធានមន្ទីរព័ត៌មានជំនួសប្រធានចាស់ចូលនិវត្តន៍ ។

ពិធីខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលា ខេត្ត ក្រោមអធិបតីភាពលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីលោកអ៊ុន ចាន់ដា អភិបាលខេត្ត និងលោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រធានមន្ទីរ និងស្ថាប័ននានាជុំវិញខេត្តផងដែរ។

លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានថ្មី បានឡើងប្តេជ្ញាចិត្តថា ១-ប្ដេជ្ញាគោរពបាវវចនា ជាតិ សាសនា ព្រះមហាក្សត្រ ២-ប្ដេជ្ញាគោរពនិងអនុវត្តច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងគោរពគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដ៏ខ្ពង់ខ្ពស់ ៣-ប្ដេជ្ញាគោរពអនុវត្តផែនការនូវគោលការណ៍របស់ក្រសួងព័ត៌មាននិងរដ្ឋបាលខេត្តឲ្យទទួលបានជោគជ័យ
និង៤-ខិតខំថែរក្សាសាមគ្គីភាពផ្ទៃក្នុង និងដឹកនាំអនុវត្តភារកិច្ចរបស់មន្ទីរដែលក្រសួងបានប្រគល់ឱ្យ។
នាឱកាសនោះដែរ លោក ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើដល់ប្រធានមន្ទីរព័ត៌មានថ្មី ឲ្យធ្វើការ ដឹកនាំប្រកបដោយភាពយុត្តិធម៌ និងត្រូវមានការប្រជុំជារៀងរាល់ព្រឹក ដើម្បីប្រមូលរាល់ ទិន្នន័យសកម្មភាព និងហេតុការណ៍ផ្សេងៗ ដើម្បីរាយការណ៍ទៅដល់ថ្នាក់ដឹកនាំ និងធ្វើ ការផ្សព្វផ្សាយទៅដល់មហាជន ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់ប្រធានមន្ទីរថ្មីឲ្យមានការ ខិតខំពង្រឹងសមត្ថភាពវិវត្តន៍ តាមសម័យកាលជឿនលឿន ហើយទាមទារឲ្យមានការតាំងចិត្តមុតមាំក្នុងការដឹកនាំមន្ត្រីក្រោមឱវាទ ជាពិសេសត្រូវខិតខំគ្រប់គ្រង និងតាមដានព័ត៌មាន ដើម្បីធ្វើការប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ហើយត្រូវខិតខំផលិតព័ត៌មាន បទយកការណ៍ ដើម្បីធ្វើការផ្សព្វផ្សាយ ព្រមទាំងត្រូវខិតខំថែរក្សាសមិទ្ធផលដែលមានស្រាប់ របស់មន្ទីរព៌ត័មានខេត្ត និងអភិវឌ្ឍន៍អោយកាន់តែល្អតាមសម័យឌីជីថលលឿនរហ័សទុកចិត្ត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ