សាលាបង្រៀនផ្នែកអាជីវកមម្មអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ហើយទ្រឹស្តីដែលត្រូវបានបង្រៀនអាចផ្តល់នូវចំណេះដឹងមូលដ្ឋានសម្រាប់សិស្សានុសិស្ស និងអាចយកមកប្រើក្នុងស្ថានការមួយចំនួនផងដែរ ។ ប៉ុន្តែសាលារៀនមិនអាចបង្រៀនសិស្សបានគ្រប់ជ្រុងជ្រោយទេ ហើយមានមេរៀនជាច្រើនដែលត្រូវបានបង្រៀនចេញពីបទពិសោធន៍នៃការធ្វើការងារផ្ទាល់ទៅវិញ ។ខាងក្រោមនេះ គឺជាការពិតទាក់ទងពីអាជីវកម្ម លុយ និងជីវិត ដែលអ្នកមិនអាចរៀនពីសាលារៀនបាន ៖

១. ធ្វើការជាមួយមនុស្សដែលអ្នកចូលចិត្ត
ប្រសិនបើអ្នកមានជម្រើស អ្នកគួរតែជ្រើសរើសធ្វើការជាមួយមនុស្សដែលអ្នកចូលចិត្ត ។ លោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) ធ្លាប់បាននិយាយក្នុងថ្នាក់រៀនប្រាប់និស្សិតថា ប្រសិនបើលោកអាចរកលុយបាន ១០០លានដុល្លារជាមួយមនុស្សម្នាក់ដែលធ្វើឲ្យលោកចង់ក្អួតនោះ លោកនឹងបដិសេធ ។
២. ការនិយាយថា ខ្ញុំមិនដឹង
បច្ចុប្បន្ននេះ មនុស្សម្នាក់ៗតែងតែព្យាយាមបញ្ចេញមតិយោបល់លើគ្រប់រឿងទាំងអស់ដែលពួកគេអាចចែករំលែកបាន ។ ប៉ុន្តែឃ្លាថា «ខ្ញុំមិនដឹង» ក៏មានឥទ្ធិពលខ្លាំងដែរព្រោះវាបង្ហាញពីភាពស្មោះត្រង់ដែលអ្នកហ៊ានទទួលស្គាល់ថាអ្នកពិតជាមិនមានយោបល់ ឬមិនមានមតិលើប្រធានបទអ្វីមួយពិតមែន ។
៣. ប្រុងប្រយ័ត្នពីភាពឆ្លាតវៃ
ភាពឆ្លាតវៃ គឺល្អហើយ ប៉ុន្តែវាភាគច្រើនអាចជាប់ប្រទាក់ប្រទិនជាមួយនឹងកត្តាជាច្រើនទៀតដូចជាគំនិតអញនិយម ការចចេសមិនស្តាប់អ្នកដទៃ ការមិនចេះទំនាក់ទំនងជាមួយអ្នកដទៃ និងការមិនចេះសហការជាមួយមនុស្សក្នុងក្រុមជាដើម ។
៤. ហាមភ្លេចទុក្ខលំបាកដែលនាំយកភាពជោគជ័យ
ចំណុចនេះនឹងជួយឲ្យអ្នកកាន់តែរឹងមាំ និងត្រៀមខ្លួនបានល្អជាងអ្នកដទៃសម្រាប់ឧបសគ្គនៅថ្ងៃមុខទៀត ។ ភាពជោគជ័យនៅអតីតកាលភាគច្រើនមើលទៅដូចជាងាយស្រួលជាងពេលដែលអ្នកត្រូវខិតខំដើម្បីសម្រេចវា ដូច្នេះទើបមនុស្សជាច្រើនភ្លេចពីវា ។
៥. អ្នកអាចរៀនសូត្រជាច្រើនពីមនុស្សដែលមានគំនិតផ្ទុយពីអ្នក
ពេលដែលគំនិតរបស់អ្នកមិនស្របទៅនឹងមនុស្សម្នាក់ទៀត វាងាយស្រួលណាស់ក្នុងការគិតថា «ហេតុអ្វី គឺមានមនុស្សគិតដូច្នេះ?» ប៉ុន្តែអ្នកនឹងអាចដើរបានផ្លូវវែងឆ្ងាយជាងប្រសិនបើអ្នកសួរថា «តើពួកគេបានឆ្លងកាត់អ្វីខ្លះក្នុងជីវិតដែលបង្កឲ្យពួកគេគិតដូច្នេះ?» ហើយគំនិតនេះនឹងជួយឲ្យអ្នករៀនសូត្រនូវមេរៀនសំខាន់ៗទៀតដែលជួយអ្នកនៅថ្ងៃមុខ ៕
ចែករំលែកព័តមាននេះ