អាមេរិក ៖ ប៉ូលីសបាននិយាយកាលពីថ្ងៃពុធថា សាកសពរបស់សហគ្រិនបច្ចេកវិទ្យាវ័យក្មេងម្នាក់ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ត្រូវបានគេរកឃើញថា បានដាច់ជាកំណាត់ៗនៅក្នុងអាផាតមិនដ៏ប្រណីតរបស់គាត់នៅញូវយ៉ក។ នេះបើយោងតាមប្រភពព័ត៌មានពី South China Morning Post បានឱ្យដឹងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២០ នេះ ។

អ្នកនាំពាក្យនាយកដ្ឋានប៉ូលីសញូវយ៉ក បាននិយាយថា លោក Fahim Saleh អាយុ៣៣ឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងផ្ទះរបស់គាត់ កាលពីរសៀលថ្ងៃអង្គារ៍។
អ្នកនាំពាក្យបាននិយាយថា៖ «គាត់ត្រូវបានគេកាត់ជាកំណាត់ៗ។ មរណភាពរបស់គាត់ត្រូវបានគេចាត់ទុកថា ជាអំពើមនុស្សឃាត»។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ការស៊ើបអង្កេតកំពុងដំណើរការ ប៉ុន្តែមិនទាន់មានការចាប់ខ្លួននៅឡើយទេ។

កាសែតញូវយ៉កថែមស៍ បានរាយការណ៍ថា គេបានរកឃើញម៉ាស៊ីនអារឈើនៅក្បែររាងកាយរបស់លោក Saleh។ ក្បាល និងអវយវៈរបស់គាត់ ត្រូវបានគេរកឃើញនៅកន្លែងផ្សេងទៀតនៅក្នុងអាផាតមិន។ ហើយអ្នកដែលឃើញមុនគេ គឺបងស្រីរបស់លោក ដែលបានទូរស័ព្ទទៅប៉ូលិសភ្លាមៗ។
ប៉ូលីសមិនបានផ្តល់ហេតុផលសម្រាប់ឃាតកម្មនេះទេ ប៉ុន្តែកាសែតដេលីមែលបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា វាប្រហែលជាមានពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្ម។ ក្រុមអ្នកស៊ើបអង្កេតក៏បានរកឃើញវីដេអូសន្តិសុខដែលបង្ហាញពីសកម្មភាពរបស់ជនរងគ្រោះ ដើរឡើងជណ្តើរ នៅរសៀលថ្ងៃអង្គារ៍ ដោយមានមនុស្សម្នាក់ទៀតដើរពីក្រោយ មានពាក់អាវខោខ្មៅ និងស្រោមមុខបិទជិត។ គេក៏ឃើញអ្នកទាំងពីរមានការតដៃគ្នាទៅវិញទៅមក នៅពីមុខបន្ទប់។

គួរបញ្ជាក់ផងដែរថា សហគ្រិនវ័យក្មេងរូបនេះ ជានាយកប្រតិបត្តិនៃកម្មវិធីហៅម៉ូតូជិះនៅនីហ្សេរីយ៉ា និងកម្មវិធីដឹកជញ្ជូន Gokada។ លោកក៏ជាដៃគូស្ថាបនិកនៃក្រុមហ៊ុនផ្សេងទៀត ដែលវិនិយោគក្នុងការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ថ្មីៗនេះគាត់បានទិញអាផាតមិននេះ ក្នុងតម្លៃប្រហែល ២.២លានដុល្លារអាមេរិក៕ ដកស្រង់ចេញពីវេបសាយ ៖ scmp (កែសម្រួលដោយ ៖ បុប្ផា)









ចែករំលែកព័តមាននេះ